កាប៊ុល៖ អ្នកនាំពាក្យក្រុមតាលីបង់ បានឲ្យដឹងថា ក្រុមតាលីបង់ មិនចង់មានសត្រូវខាងក្នុង ឬខាងក្រៅឡើយ ហើយមានបំណងបង្កើតរដ្ឋាភិបាលរួមបញ្ចូលគ្នាមួយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងសន្និសីទសារព័ត៌មានលើកដំបូង របស់ខ្លួនចាប់តាំងពីក្រុមតាលីបង់ បានដណ្ដើមយកផ្នែកភាគច្រើននៃប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យ អ្នកនាំពាក្យរបស់ក្រុមនេះលោក Zabihullah Mujahid បានលើកឡើងថា ពួកគេមិនចង់បានសត្រូវខាងក្នុង ឬខាងក្រៅណាមួយឡើយ ហើយពួកគេចង់មានទំនាក់ទំនងល្អជាមួយអ្នករាល់គ្នា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសម្រេចបាននូវវិបុលភាព។
លោកបានលើកឡើងថា“ អាហ្វហ្គានីស្ថាន នឹងមានរដ្ឋាភិបាលអ៊ីស្លាមដ៏រឹងមាំ” ដោយមិនមានអ្នកនយោបាយអាហ្វហ្គានីស្ថានណាម្នាក់ត្រូវបានគេព្រងើយកន្តើយឡើយនៅក្នុងរដ្ឋាភិបាលថ្មីនេះ”។
លោកបានប្រាប់សន្និសីទសារព័ត៌មានតាមកញ្ចក់ទូរទស្សន៍ថា មេដឹកនាំតាលីបង់ កំពុងធ្វើការ និងពិគ្រោះយោបល់អំពីឈ្មោះ និងលក្ខណៈពិសេសរបស់រដ្ឋាភិបាលថ្មី។ អ្នកនាំពាក្យរូបនេះបានសន្យាថា នឹងធានាសុវត្ថិភាពរបស់មនុស្ស ដែលបានធ្វើការជាមួយសហរដ្ឋអាមេរិក និងកងកម្លាំងសម្ព័ន្ធមិត្ត។
លោកបានបន្ដថា អន្តរកម្មរបស់អាហ្វហ្គានីស្ថានជាមួយបរទេស នឹងបន្តហើយក្រុមតាលីបង់ នឹងប្រើប្រាស់ធនធានធម្មជាតិរបស់ប្រទេសនេះសម្រាប់ការកសាងប្រទេសឡើងវិញ។
លោកបានបន្ថែមថា អាហ្វហ្គានីស្ថាន នឹងគ្មានគ្រឿងញៀននោះទេ ប្រសិនបើសហគមន៍អន្តរជាតិ ផ្តល់ដំណាំជំនួស សម្រាប់ប្រទេសនេះ ហើយព្រំដែនទាំងអស់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់” ។
លោកក៏បានឲ្យដឹងផងដែរថា ក្រុមតាលីបង់ នឹងអនុញ្ញាតឱ្យស្ត្រីនៅអាហ្វហ្គានីស្ថានធ្វើការ និងសិក្សា ដោយផ្អែកលើច្បាប់អ៊ីស្លាម ហើយពួកគេនឹងត្រូវផ្តល់ជូននូវសិទ្ធិទាំងអស់នៅក្នុងគោលការណ៍អ៊ីស្លាម ពីព្រោះ ស្ត្រី គឺជាផ្នែកសំខាន់នៃសង្គម៕
ដោយ ឈូក បូរ៉ា