ព័ត៌មានអន្តរជាតិ

កាណាដា គ្មានគម្រោង ទទួលស្គាល់ក្រុមតាលីបង់ ជារដ្ឋាភិបាលស្របច្បាប់ របស់អាហ្វហ្គានីស្ថាននោះទេ

អូតាវ៉ា ៖ នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau បានលើកឡើងថា រដ្ឋាភិបាល របស់លោក គ្មានគម្រោងទទួលស្គាល់ក្រុមតាលីបង់ ជារដ្ឋាភិបាលស្របច្បាប់ របស់អាហ្វហ្គានីស្ថាននោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

លោក Trudeau ដែលបច្ចុប្បន្នកំពុងធ្វើយុទ្ធនាការ សម្រាប់ការបោះឆ្នោតឡើងវិញ បន្ទាប់ពីលោក បានចាប់ផ្តើមការបោះឆ្នោត កាលពីថ្ងៃអាទិត្យ បានលើកឡើងថា“ កាណាដា គ្មានគម្រោងទទួលស្គាល់ក្រុមតាលីបង់ ជារដ្ឋាភិបាលថ្មី របស់អាហ្វហ្គានីស្ថានឡើយ ។

លោក Trudeau បានអះអាងថា“ ការផ្តោតអារម្មណ៍ របស់យើងនៅពេលនេះ គឺការនាំមនុស្សចេញ ពីអាហ្វហ្គានីស្ថាន ហើយក្រុមតាលីបង់ត្រូវការធានា ការចូលទៅកាន់មនុស្ស ដោយសេរី ដើម្បីទៅដល់អាកាសយានដ្ឋាន” ។

លោកបានបន្ដថា“ យើងកំពុងធ្វើការជាមួយ សម្ព័ន្ធមិត្តរបស់យើង លើអ្វីដែលកាណាដា ជាផ្នែកមួយ នៃសហគមន៍អន្តរជាតិ អាចធ្វើបាន ដើម្បីធ្វើឱ្យស្ថានការណ៍មានស្ថិរភាព ការពារជនស៊ីវិល និងបញ្ចប់អំពើហឹង្សា ។

គួរបញ្ជាក់ថា ក្រុង កាប៊ុល បានធ្លាក់ទៅក្រោមការត្រួតត្រា របស់ក្រុមតាលីបង់ កាលពីថ្ងៃអាទិត្យ ។ យន្តហោះពីរគ្រឿង ដែលដឹកអ្នកការទូត កងទ័ពនិងអាហ្វហ្គានីស្ថាន មកពីទីក្រុងកាប៊ុល បានចុះចតនៅប្រទេស កាណាដា កាលពីយប់ថ្ងៃច័ន្ទ។

នៅព្រឹកថ្ងៃអង្គារម្សិលមិញនេះ ក្រសួងការបរទេសកាណាដា បានបញ្ជាក់ថា ជើងហោះហើរ មួយបានចុះចតនៅទីក្រុងតូរ៉ុនតូ ដឹកជនជាតិអាហ្វហ្គានីស្ថាន ដែលមានសមត្ថភាពមកប្រទេស កាណាដា ក្រោមរដ្ឋាភិបាលថ្មីៗនេះ បានប្រកាសវិធានការ អន្តោប្រវេសន៍ពិសេស សម្រាប់អតីត អ្នកបកប្រែ និងបុគ្គលិកស្ថានទូត ដែលបានជួយជនជាតិកាណាដា នៅអាហ្វហ្គានីស្ថាន ៕ដោយ ឈូក បូរ៉ា

To Top