កាប៊ុល៖ សមាជិកតាលីបង់ម្នាក់ ដែលទទួលបន្ទុកផ្នែកសន្តិសុខនៅខាងក្រៅអាកាស យានដ្ឋានក្រុងកាប៊ុលរបស់អាហ្វហ្គានីស្ថាន នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសទៅកាន់ហ្វូងមនុស្សនៅខាងក្រៅអាកាសយានដ្ឋានថា មានតែមនុស្សដែលមានឯកសារធ្វើដំណើរប៉ុណ្ណោះ នឹងត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងអាកាសយានដ្ឋាន។
លោក Mohammad Jamil បានប្រាប់ស៊ីនហួតាមទូរស័ព្ទថា“ បុរសម្នាក់ដែលអះអាងថា ជាអ្នកទទួលខុសត្រូវសន្តិសុខអាកាសយានដ្ឋាន បានប្រាប់យើងថា មនុស្សទាំងអស់ដែលមិនមានឯកសារស្របច្បាប់ ត្រូវចាកចេញពីច្រកទ្វារឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។
លោក Mohammad Jamil ដែលបានរង់ចាំការចូលដំណើរការតាំងពីព្រលឹមថ្ងៃពុធគ្មានលិខិតឆ្លងដែនគ្រាន់តែកាន់អត្តសញ្ញាណប័ណ្ណអាហ្វហ្គានីស្ថាន បានលើកឡើងថា លោកបានប្រញាប់ទៅព្រលានយន្តហោះ បន្ទាប់ពីលឺថាយន្តហោះបរទេសកំពុងដឹកមនុស្ស ហើយជម្លៀសមនុស្សណាដែលចង់ចាកចេញពីទីក្រុងកាប៊ុល។
នៅយប់ថ្ងៃអាទិត្យប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Mohammad Ashraf Ghani បានចាកចេញពីប្រទេស ខណៈដែលក្រុមយុទ្ធជនតាលីបង់ បានចូលរដ្ឋធានីរបស់ប្រទេស និងបានគ្រប់គ្រងទីក្រុងកាប៊ុល។
កាលពីថ្ងៃអាទិត្យកងកម្លាំងសន្តិសុខ បានបរាជ័យក្នុងការបញ្ឈប់មនុស្សចូលក្នុងអគារព្រលានយន្តហោះ និងផ្លូវរត់របស់យន្ដហោះ។ នៅព្រឹកថ្ងៃច័ន្ទ ក្រុមតាលីបង់វបានគ្រប់គ្រងព្រលានយន្តហោះ ហើយបានយល់ព្រមផ្តល់ការឆ្លងកាត់ប្រកបដោយសុវត្ថិភាព សម្រាប់មនុស្សដែលកាន់ឯកសារធ្វើដំណើរស្របច្បាប់។
កងកម្លាំងអាមេរិក បានចាប់ផ្តើមជម្លៀសអ្នកការទូត និងជនជាតិអាហ្វហ្គានីស្ថាន ដែលបានធ្វើការឱ្យពួកគេ កាលពីព្រឹកថ្ងៃអាទិត្យ។ជើងហោះហើរជម្លៀសបានបន្តនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ហើយនឹងបន្តហរូដល់ចុងខែសីហា៕
ដោយ ឈូក បូរ៉ា