បរទេស៖ ក្រុមសង្គមស៊ីវិលកូរ៉េខាងត្បូង នាពេលថ្មីៗនេះ បានចាប់ផ្តើមយុទ្ធនាការរៃអង្គាសមូលនិធិ ដើម្បីបរិច្ចាគអង្ករជាង៥០០.០០០តោន ទៅឲ្យកូរ៉េខាងជើង ជាមួយគោលដៅនៃការបញ្ជូនទៅឲ្យជាលើកដំបូង នៅត្រឹមថ្ងៃទី២១ ខែកញ្ញា។
ក្រុមប្រឹក្សាកូរ៉េសម្រាប់ការផ្សះផ្សារនិងសហប្រតិបត្តិការ ព្រមទាំងអង្គការសាសនានានា បាននិយាយថា ពួកគេគ្រោងនឹងបញ្ជូនអង្ករប្រហែល៥៣០.០០០តោន ទៅឲ្យប្រទេសកុម្មុយនិស្តឯកោ នៅក្នុងឆ្នាំនេះ ដោយលើកឡើងពីភាពខ្វះខាតអាហារនៅក្នុងប្រទេសនោះ។
គួរបញ្ជាក់ថា នាពេលថ្មីៗនេះ ទីភ្នាក់ងាររដ្ឋាភិបាលនានា បានធ្វើការព្រមានពីភាពខ្វះខាតនៅក្នុងប្រទេសកូរ៉េខាងជើង ហើយនៅក្នុងការប៉ាន់ស្មានថ្មីៗនេះ វិទ្យាស្ថានសេដ្ឋកិច្ចជនបទកូរ៉េ នៅក្នុងប្រទេសកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើង អាចនឹងខ្វះខាតស្បៀងអាហារចំនួន៨៥៨.០០០តោន។
ក្រុមសង្គមស៊ីវិលបាននិយាយថា គោលដៅរបស់ពួកគេ គឺដើម្បីប្រមូលថវិកាប្រហែល ២៥០លានដុល្លារ ដើម្បីធ្វើបញ្ជូនអង្ករ ហើយយុទ្ធនាការនោះ នឹងត្រូវបានធ្វើឡើងនៅទូទាំងប្រទេសកូរ៉េខាងត្បូង ព្រមទាំងបានពីការបរិច្ចាគពីក្រុមកូរ៉េនៅបរទេស៕
ប្រែសម្រួល៖ប៉ាង កុង