អូតាវ៉ា៖ កងកម្លាំងប្រដាប់អាវុធកាណាដា បានបន្តការហោះហើរទៅកាន់អាហ្វហ្គានីស្ថាន នេះបើយោងតាមនាយករដ្ឋមន្រ្តីលោក Justin Trudeau ដែលការបន្ដហោះហើរនេះ ធ្វើឡើងបន្ទាប់ពីក្រុមតាលីបង់ បានដណ្ដើមយកអំណាចពីរដ្ឋាភិបាលអាហ្វហ្គានីស្ថានមកវិញជាស្ថាពរ។
លោក Trudeau បានលើកឡើងថា ទ្រព្យសម្បត្តិ និងបុគ្គលិករបស់កងកម្លាំងប្រដាប់អាវុធកាណាដាបានមកដល់មូលដ្ឋាននៅអាហ្វហ្គានីស្ថាន ដើម្បីសម្របសម្រួលនៅកម្រិតយុទ្ធសាស្ត្រជាមួយសហរដ្ឋអាមេរិក និងដៃគូសម្ព័ន្ធមិត្តដទៃទៀតដោយជួយ“ ធ្វើឱ្យជនជាតិកាណាដា អាហ្វហ្គានីស្ថាន និងគ្រួសាររបស់ពួកគេមានសុវត្ថិភាព” ។
លោក Trudeau បានលើកឡើងថា យន្តហោះធុន CAF CC-177 ចំនួនពីរគ្រឿង នឹងធ្វើការហោះហើរជាទៀងទាត់ទៅកាន់ទីក្រុងកាប៊ុល ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជម្លៀសប្រជាជន។
រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Harjit Sajjan បានសរសេរនៅយប់ថ្ងៃពុធឲ្យដឹងថា“ ការហោះហើររបស់កងកម្លាំងប្រដាប់អាវុធកាណាដា ទៅកាន់ និងមកពីអាកាសយានដ្ឋានអន្តរជាតិហាមីដកាហ្សៃ នឹងចាប់ផ្តើមឡើងវិញក្នុងពេលឆាប់ៗនេះក្រោមកម្មវិធី Op AEGIS” ។
គួរបញ្ជាក់ថា ប្រតិបត្តិការ Aegis របស់កាណាដា ត្រូវបានរចនាឡើង សម្រាប់យោធាដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជម្លៀសប្រជាជននៅអាហ្វហ្គានីស្ថាន៕ដោយ ឈូក បូរ៉ា

