បរទេស ៖ ពួកតាលីបង់ បានអំពាវនាវឲ្យអាចារ្យ របស់អាហ្វហ្គានីស្ថាន ជំរុញឲ្យមានភាពសាមគ្គីគ្នា នៅពេលដែលពួកគេប្រារព្ធ ធ្វើពិធីសូត្រធម៌បួងសួង នៅថ្ងៃថ្ងៃសុក្រដំបូង ចាប់តាំងពីក្រុមឥស្លាមនេះ បានដណ្ដើមគ្រប់គ្រង ប្រទេស ស្របពេល ដែល ការតវ៉ាប្រឆាំង ការកាន់អំណាច រាលដាលដល់ ទីក្រុងកាន់តែច្រើនឡើង កាលពីថ្ងៃព្រហស្បតិ៍ រួមទាំងទីក្រុងកាប៊ុលផង ។
មនុស្សជាច្រើននាក់ បានស្លាប់បាត់បង់ជីវិត នៅពេលដែលកងកម្លាំង ពួកតាលីបង់ បានបាញ់ទៅលើហ្វូងមនុស្ស ក្នុងទីក្រុង Asadabad ស្ថិតភាគ ខាងកើតប្រទេស ហើយក៏មានសេចក្តីរាយការណ៍ថា មានសម្លេងបាញ់កាំភ្លើង នៅក្បែរក្បួនតវ៉ា នៅក្នុងទីក្រុងកាប៊ុលផងដែរ ប៉ុន្តែទំនងជាពួកតាលីបង់ បាញ់ឡើងលើទៅក្នុងអាកាស ។
នៅថ្ងៃដែលអាហ្វហ្គានីស្ថាន អបអរសាទរ ចំពោះភាពឯករាជ្យ របស់ខ្លួនទទួល បានពីអង់គ្លេស នៅក្នុងឆ្នាំ១៩១៩នោះ វីដេអូលើបណ្ដាញផ្សព្វផ្សាយ សង្គមមួយ បានបង្ហាញនូវក្រុមមនុស្សប្រុសស្រី មួយក្រុម នៅក្នុងទីក្រុងកាប៊ុល បានលើកទង់ជាតិអាហ្វហ្គានីស្ថានឡើង ដោយស្រែកថា “ទង់ជាតិយើង អត្តសញ្ញាណរបស់យើង” ។
ចំណែកការតវ៉ាមួយចំនួន នៅតាមទីកន្លែងផ្សេងៗ តាមសេចក្តីរាយការណ៍ ក្រុមអ្នកតវ៉ា បានហែកទង់ពណ៌ស របស់ពួកតាលីបង់ចោល ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន ND TV នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា នៅពេលភ្លាមៗនេះ មន្ត្រីនាំពាក្យពួកតាលីបង់មួយរូប នៅមិនទាន់អាចទាក់ទង សុំការអត្ថាធិប្បាយ បាននៅឡើយនោះទេ ៕