វ៉ាស៊ីនតោន៖ អនុប្រធានាធិបតី Kamala Harris បានចាកចេញទៅកាន់ប្រទេសសិង្ហបុរី និងវៀតណាម ក្នុងដំណើរទស្សនកិច្ចមួយ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ចំពេលមានការកើនឡើងនៃឥទ្ធិពលរបស់ប្រទេសចិន។
ការធ្វើដំណើររបស់លោកស្រី កើតឡើងនៅពេលដែលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ប្រឈមនឹងការរិះគន់យ៉ាងខ្លាំងទាំងក្នុងប្រទេសនិងក្រៅប្រទេសជុំវិញការដកកងទ័ពអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន ដែលមានភាពច្របូកច្របល់ ចំពេលដែលក្រុមតាលីបង់បានកាន់កាប់ប្រទេសថ្មីនេះ។
ប្រភពពីមន្រ្តីរដ្ឋបាលជាន់ខ្ពស់បានឲ្យដឹងថា ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់អនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហារីស ទៅកាន់ប្រទេសវៀតណាម និងសិង្ហបុរី នឹងបង្ហាញថា សហរដ្ឋអាមេរិក កំពុងស្ថិតនៅក្នុងតំបន់ ដើម្បីស្នាក់នៅ ខណៈសហរដ្ឋអាមេរិកស្វែងរកការគាំទ្រពីអន្តរជាតិ ដើម្បីប្រឆាំងនឹងឥទ្ធិពលពិភពលោក ដែលកំពុងកើនឡើងរបស់ចិន។
ដំណើររបស់លោកស្រី ហារីស ទៅកាន់តំបន់អាស៊ី មានគោលបំណងបង្កើតទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបណ្តាញសម្ព័ន្ធមិត្តនៅអាស៊ីអាគ្នេយ៍ ដែលសហរដ្ឋអាមេរិក ចាត់ទុកថាជាគន្លឹះក្នុងការត្រួតពិនិត្យការពង្រីកឥទ្ធិពលរបស់ប្រទេសចិន។
មន្រ្តីសេតវិមានជាន់ខ្ពស់ម្នាក់បានលើកឡើងកាលពីដើមខែនេះថា ការផ្តោតអារម្មណ៍របស់លោកស្រីអនុប្រធានាធិបតី នឹងផ្តោតលើការការពារច្បាប់អន្តរជាតិនៅសមុទ្រចិនខាងត្បូងពង្រឹងការដឹកនាំក្នុងតំបន់របស់អាមេរិក និងពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខនៅក្នុងតំបន់។
មន្រ្តីរូបនេះបានបន្ដថា“ រដ្ឋបាលកំពុងធ្វើឱ្យច្បាស់ថា យើងមានការប្តេជ្ញាចិត្តយូរអង្វែង ចំពោះតំបន់នេះថាយើងជាផ្នែកមួយនៃឥណ្ឌូ-ប៉ាស៊ីហ្វិក និងនៅក្នុងតំបន់ដើម្បីរក្សា” ។
ដំណើរនេះកើតឡើងចំពេលដែលរដ្ឋបាលលោក បៃដិន កំពុងប្រយុទ្ធប្រឆាំងនឹងវិបត្តិមួយបន្ទាប់ពីការសម្រេចចិត្តរបស់ខ្លួនក្នុងការដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន។ មន្រ្តីរូបនេះបានបន្ថែមថា លោកស្រី ហារីស នឹងបន្តធ្វើការលើបញ្ហាដែលជាប់ទាក់ទងនឹងអាហ្វហ្គានីស្ថាន ខណៈពេលកំពុងធ្វើដំណើរនៅអាស៊ីរបស់លោកស្រី។
មន្រ្តីរូបនេះបានបន្ថែមថា“ វាគឺជាការផ្តោតអារម្មណ៍ និងអាទិភាពរបស់ក្រុមទាំងមូលរួមទាំងអនុប្រធានាធិបតីផងដែរ”។
លោកស្រី ហារីស នឹងមកដល់សិង្ហបុរី នៅថ្ងៃអាទិត្យនេះ។ លោកស្រី នឹងក្លាយជាអនុប្រធានាធិបតីអាមេរិកទីមួយ ដែលបានមកបំពេញទស្សនកិច្ចនៅវៀតណាម ហើយមកដល់ប្រទេសនេះនៅថ្ងៃអង្គារ ហើយនឹងចាកចេញនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយ៕
ដោយ ឈូក បូរ៉ា