បរទេស៖សមាជិករដ្ឋសភាចិន នៅថ្ងៃសុក្រម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានអនុម័តច្បាប់ ដែលដាក់ការរឹតបន្តឹងកាន់តែខ្លាំង លើការដែលក្រុមហ៊ុនឯកជន អាចប្រមូលនិងគ្រប់គ្រងទៅលើទិន្នន័យឯកជនផ្ទាល់ខ្លួនរបស់អតិថិជន។
តាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ច្បាប់ថ្មី ដែលនឹងមានសុពលភាពចាប់ផ្តើមអនុវត្តនៅក្នុងខែវិច្ឆិកានោះ នឹងធ្វើវាឲ្យលំបាកកាន់តែខ្លាំង និងចំណាយកាន់តែច្រើនឡើង សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យានៅក្នុងប្រទេសចិន ដើម្បីចូលទៅប្រើប្រាស់ព័ត៌មានរបស់អតិថិជន។
ច្បាប់ការពារព័ត៌មានផ្ទាល់ខ្លួនរបស់ទីក្រុងប៉េកាំងនេះ គឺជាក្រុមច្បាប់ដំបូងជុំវិញរឿងការប្រមូលទិន្នន័យ ដែលត្រូវបានអនុម័តឡើងនៅក្នុងប្រទេសចិន និងអនុវត្តទៅតាមការត្អូញត្អែតវ៉ាពីអតិថិជនចិន ស្តីពីប្រការដែលក្រុមហ៊ុន ប្រើប្រាស់ននិងលក់ទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេ។
បទបញ្ញត្តិមួយនៃច្បាប់ថ្មីនោះនិយាយថា អតិថិជនអាចដកការយល់ព្រមវិញ នៅពេលណាមួយក៏បាន និងនិយាយថា ហាមឃាត់ចំពោះការប្រមូលទិន្នន័យហួសហេតុ ធ្វើឡើងដោយក្រុមហ៊ុនជំនួញ និងទីភ្នាក់ងាររដ្ឋាភិបាលមួយចំនួន៕ប្រែសម្រួល៖ប៉ាង កុង