បរទេស៖ ប្រេសិតពិសេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការកូរ៉េខាងជើង នឹងជួបជាមួយសមភាគីកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ ស្របពេលដែលសម្ពន្ធមិត្តទាំងពីរ សម្លឹងរកផ្លូវនាំកូរ៉េខាងជើង ឲ្យវិលត្រឡប់មករកការចរចាគ្នាវិញ ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែ និងមីស៊ីលផ្លោង។
មន្ត្រីក្រសួងការបរទេសអាមេរិកមួយរូប បាននិយាយថា លោក Sung Kim បានធ្វើដំណើរទៅដល់ទីក្រុងសេអ៊ូល កាលពីថ្ងៃសៅរ៍ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃ ហើយលោកបានជួបជាមួយ រដ្ឋមន្ត្រីការបរទេស លោក Chung Eui-yong នៅផ្ទះរបស់លោក កាលពីថ្ងៃអាទិត្យ ហើយលោកទាំងពីរ បានពិភាក្សាគ្នាពីវិធីបន្តពន្លឿន ដំណើរការសន្តិភាព នៅលើឧបទ្វីបកូរ៉េ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន The Strait Times នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃចន្ទនេះ លោក Sung Kim នឹងជួបគ្នាជាមួយសមភាគី កូរ៉េខាងត្បូងរបស់លោក គឺលោក Noh Kyu-duk ហើយនៅថ្ងៃអង្គារនឺង ជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Igor Morgulov នៅក្នុងទីក្រុងសេអ៊ូល។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រេសិត ពិសេសសហរដ្ឋអាមេរិកនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលមានភាពតានតឹង ដ៏ខ្លីក្នុងចំណងមិត្តភាពអន្តរកូរ៉េ នៅក្នុងខែកក្កដា បង្កើតផ្លូវជាប់គាំងថ្មីមួយ ជុំវិញសមយុទ្ធយោធាសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង ដែលកូរ៉េខាងជើងបានព្រមានថា អាចនឹងបង្កឲ្យមានវិបត្តិសន្តិសុខ ៕
ប្រែសម្រួល៖ ប៉ាង កុង