បរទេស៖ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelenskiy នៅថ្ងៃអាទិត្យម្សិលមិញនេះ បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលដាក់ទណ្ឌកម្មលើលោក Andriy Derkach ជាសមាជិករដ្ឋសភាអ៊ុយក្រែន ដែលអាមេរិកចោទពីបទធ្វើជាភ្នាក់ងារឲ្យរុស្ស៊ី និងជ្រៀតជ្រែកក្នុងការបោះឆ្នោត របស់អាមេរិក។
ទណ្ឌកម្មនេះ តាមសេចក្តីរាយការណ៍ បានធ្វើការបង្កកទ្រព្យសម្បត្តិ ហាមឃាត់មិនឲ្យចាកចេញពីរដ្ឋធានី ដកអាជ្ញាប័ណ្ណរបស់លោក Derkach និងរឹតបន្តឹងលើរូបលោក ក្នុងការផ្ទេរទ្រព្យសម្បត្តិគ្រប់ប្រភេទទាំងអស់ និងចំណាត់ការផ្សេងៗ។
នៅក្នុងសេចក្តីលម្អិតដ៏ខ្លីមួយ កាលពីថ្ងៃសុក្រ មន្ត្រីផ្នែកសុវត្ថិភាពអ៊ុយក្រែនមួយរូប បាននិយាយប្រាប់ឲ្យដឹងថា ប្រទេសអ៊ុយក្រែន នឹងដាក់ទណ្ឌកម្មលោក Andriy Derkach រួមជាមួយនឹងសមាជិកនានារបស់កងទ័ពរុស្ស៊ី និងចៅក្រមរុស្សីផង។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន News Logic នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Andriy Derkach កាលពីមុនបានធ្វើការបដិសេធថា មិនបានប្រព្រឹត្តខុសណាមួយនោះទេ និងបាននិយាយបញ្ជាក់ថា លោកកំពុងតែត្រូវគេផ្តោតគោលដៅលើ ដោយសារតែការបង្ហាញពីអំពើពុករលួយ៕
ប្រែសម្រួល៖ប៉ាង កុង