ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បន្ដនាំចេញប្រេងឥន្ធនៈ ទៅកាន់អាហ្វហ្គានីស្ថាន ខណៈស្ថានភាពកំពុងតានតឹង

តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានប្រកាសបន្តការនាំចេញប្រេងឥន្ធនៈ ទៅកាន់អាហ្វហ្គានីស្ថាន បើទោះជាស្ថានភាពសន្ដិសុខនៅក្នុងប្រទេសនេះ កំពុងតានតឹងខ្លាំងក៏ដោយ ក្រោយពីការដកកងទ័ពចេញរបស់អាមេរិក នេះបើយោងតាមការចុះផ្សយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Hamid Hosseini អ្នកនាំពាក្យសហភាពអ្នកនាំចេញផលិតផលប្រេងឧស្ម័ន និងឥន្ធនៈគីមីអ៊ីរ៉ង់ បានលើកឡើងថា“ ការនាំចេញប្រេងឥន្ធនៈទៅកាន់អាហ្វហ្គានីស្ថាន បានដំណើរការឡើងវិញបន្ទាប់ពីផ្អាកមួយរយៈ” ។

លោក Hamid Hosseini ត្រូវបានដកស្រង់សម្តីដោយលើកឡើងថា“ ដោយមានការវិវត្តថ្មីៗនៅអាហ្វហ្គានីស្ថាន ពាណិជ្ជករអ៊ីរ៉ង់ខ្លះមានការព្រួយបារម្ភ អំពីស្ថានភាពសន្តិសុខនៅក្នុងប្រទេស និងមានការប្រុងប្រយ័ត្នខ្ពស់” ។

គួរបញ្ជាក់ថា ស្ថានភាពសន្ដិសុខនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កំពុងធ្លាក់ចុះខ្លាំង ក្រោយពីក្រុមតាលីបង់ បានកាន់កាប់ប្រទេសទាំងស្រុងឡើងវីញ បន្ទាប់ពីអាមេរិក ដកកងទ័ពចេញពីប្រទេសនេះ ដោយក្រុមនេះបានបាត់បង់អំណាចជិត ២០ឆ្នាំមកហើយ៕


ដោយ ឈូក បូរ៉ា

To Top