បរទេស ៖ ប្រទេសអ៊ីរ៉ាក់ នៅពេលថ្មីៗនេះ បានធ្វើការអញ្ជើញប្រទេសអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ឲ្យចូលរួមកិច្ចប្រជុំកំពូលមួយ នៅក្នុងទីក្រុងបាដាត ដែលមានគោលដៅ រម្ងាប់ភាពតានតឹង ដែលដែលបានធ្វើឲ្យប្រទេស ទាំងពីរនោះ ស្ទើរតែបង្កជម្លោះគ្នា នៅក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ។
ក្រុមមន្ត្រីនិយាយថា កិច្ចប្រជុំកំពូល ដែលក៏នឹងពិភាក្សាគ្នាអំពីសង្គ្រាម ក្នុងប្រទេសយេម៉ែន ការដួលរំលំក្នុងប្រទេសលីបង់ និងវិបត្តិទឹកក្នុងតំបន់នោះ អាចនឹងបោះជំហានឆ្ពោះទៅរកទំនាក់ទំនង អារ៉ាប៊ីសាអូឌីត-អ៊ីរ៉ង់ បើទោះជាប្រទេសទាំងពីរ នៅមិនទាន់និយាយថា ពួកគេនឹងបញ្ជូនតំណាងអ្វីទៅក៏ដោយ។
តាមសេចក្តីរាយការណ៍ មន្ត្រីអ៊ីរ៉ាក់សង្ឃឹមថា ប្រធានាធិបតីថ្មីនៃប្រទេស អ៊ីរ៉ង់ លោក Ebrahim Raisi នឹងចូលរួមក្នុងកិច្ចប្រជុំ ដែលគ្រោងធ្វើឡើង នៅថ្ងៃសៅរ៍នោះ និងរំពឹងថា រដ្ឋមន្ត្រីមកពីបណ្ដារដ្ឋ នៅឈូងសមុទ្រ ដែលរួមទាំងអារ៉ាប៊ីសាអូឌីតផង នឹងចូលរួម ។
មន្ត្រីមួយរូបដែលជិតស្និទ្ធ នឹងនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mustafa Al Kadhimi បាននិយាយយ៉ាងដូច្នេះថា “ប្រសិនបើយើងនាំរដ្ឋមន្ត្រី ការបរទេសមកជួបជុំគ្នា នៅលើតុមួយនោះ នេះអាចនឹងជារឿងដែលគេចាត់ទុកថា ជាព្រឹត្តិការណ៍ដ៏សំខាន់ ដើម្បីបញ្ចប់ភាពតានតឹង រវាងអ៊ីរ៉ង់និងអារ៉ាប់ នៅតំបន់ឈូងសមុទ្រ” ៕ ប្រែសម្រួល៖ប៉ាង កុង