ភ្នំពេញ៖ លោក ឥន សុផល អ្នកស្រាវជ្រាវ និងតាមដានភូមិសាស្រ្តនយោបាយ បានលើកឡើងថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងវៀតណាម គ្មានឡើយសត្រូវជាអចិន្ត្រៃយ៍ គឺមានតែប្រយោជន៍អចិន្ត្រៃយ៍ តែប៉ុណ្ណោះ។
ពាក់ព័ន្ធទំនាក់ទំនង អាមេរិក-វៀតណាម លោក ឥន សុផល បានលើកហេតុផលសំអាង ១០ចំណុចដូចខាងក្រោម៖
១.តាំងពីក្រោយចប់សង្គ្រាម លោកលើកទី២ ហូជីមិញ បានព្យាយាមសរសេរលិខិត ស្នើសុំឱ្យអាមេរិកជួយ ការពារជាច្រើនលើក ដោយសារមិនចង់នៅក្រោមបារាំង និងចិន ប៉ុន្តែមិនត្រូវបានឆ្លើយតប ព្រោះអង់គ្លេស និងអាមេរិក បានចុះកិច្ចព្រមព្រៀងប្រគល់ តំបន់ឥណ្ឌូចិនទៅឱ្យបារាំង ជាអ្នកគ្រប់គ្រងវិញនៅឆ្នាំ១៩៤៦។
២.សង្គ្រាមឥណ្ឌូចិនលើកទី១ រវាងបាំរាំងនិងវៀតមិញ បារាំងស្នើសុំឱ្យអាមេរិក ទម្លាក់គ្រាប់បែក Nuclear ដាក់វៀតមិញ តែអាមេរិកបដិសេធ ហើយអាមេរិកក៏កំពុងជាប់ដៃ ក្នុងសង្គ្រាមនៅឧបទ្វីបកូរ៉េ ជាមួយចិនឆ្នាំ១៩៥០-៥៣ ដែរ។
៣.ក្រោយសន្និសីទហ្សឺណែវឆ្នាំ១៩៥៤ បារាំងបរាជ័យក្នុងសង្គ្រាមឥណ្ឌូចិន អាមេរិក អនុវត្តតាម “Truman’s Doctrine” កងទ័ពអាមេរិក ត្រូវចូលមកជំនួស កងទ័ពបារាំងនៅឥណ្ឌូចិន ហេតុនេះអាមេរិក ចាប់ផ្តើមបញ្ជូនទីប្រឹក្សាយោធា មកជួយវៀតណាមខាងត្បូង ជាបន្តបន្ទាប់រហូតដល់ឆ្នាំ១៩៦៣ អាមេរិក បានបញ្ជូនកងទ័ពប្រយុទ្ធម៉ារីន មកទឹកដីវៀតណាមខាងត្បូង ជាសញ្ញាសង្គ្រាមផ្ទុះឡើង។
៤.សង្គ្រាមវៀតណាមធ្វើឱ្យកងទ័ពងាមេរិក ស្លាប់និងរបួសជាង៤០ម៉ឺននាក់។ ចំណែកវៀតណាតទាំងពីរ ស្លាប់កងទ័ពនិងប្រជាជនជាង ២លាននាក់ និងរបួស៦លាននាក់។ សង្គ្រាមវៀតណាម ត្រូវបានបញ្ចប់ដោយសន្ធិសញ្ញា ទីក្រុងប៉ារីសឆ្នាំ១៩៧៣ វៀតណាមជំពាក់លុយសូវៀតជាង ១៥ពាន់លានដុល្លារ ហើយនៅពេលចរចាវៀតណាម ទាមទារឱ្យអាមេរិកសង ១៥ពាន់លានដុល្លារ តែអាមេរិកយល់ព្រមសង ៧ពាន់លានដុល្លារ វៀតណាមមិនព្រម ក៏ដើរចេញពីតុចរចា អាមេរិកបានទម្លាក់គ្រាប់បែក ច្រើនជាងទ្វេដងដើម្បីបង្ខំឱ្យ វៀតណាមចូលតុចរចា ពេលនោះវៀតណាម យល់ព្រមយក៧ពាន់លានដុល្លារ ប៉ុន្តែអាមេរិកឱ្យតែ ៤.៦ពាន់លានដុល្លារ ជាជំនួយស្តារសេដ្ឋកិច្ចពុំមែន ជាសំណងសង្គ្រាមនោះទេ។
៥.ក្រោយចប់សង្គ្រាមប្រទេសទាំងពីរ មានទំនាក់ទំនងមិនជិតស្និទ្ធប៉ុន្មានទេ ទើបតែនៅក្នុងរដ្ឋបាល របស់លោកបារ៉ាក់អូបាម៉ា ដើម្បីទប់កំណើនសេដ្ឋកិច្ចចិន កុំឱ្យមានសន្ទុះខ្លាំងក្លាពេក រដ្ឋបាលអាមេរិក បានដាក់ចេញយុទ្ធសាស្ត្រ “China’s Economic Slow Down” សហរដ្ឋអាមេរិក បានកំណត់យកប្រទេសមីយ៉ាន់ម៉ា និងវៀតណាម ដើម្បីដាក់សម្ពាធយោធា និងហ៊ុព័ទ្ធសេដ្ឋកិច្ចចិន ក្នុងគោលបំណងបោះទុនវិយោគ ជំរុញផលិតផលប្រទេសទាំងពីរនេះ ដើម្បីទប់ទល់ជាមួយផលិតផលរបស់ចិន ព្រោះផលិតផលវៀតណាម មានតម្លៃទាបជាងផលិតផលចិន។
៦.ឱកាសមកដល់វៀតណាម ក៏ចាប់យកសហរដ្ឋអាមេរិក ដោយមិនគិតពីសត្រូវចាស់ គឺគិតប្រយោជន៍ជាធំ ហើយស្របពេលមានការគំរាមកំហែង ពីចិនលើសមុទ្រចិនខាងត្បូងផងនោះ វៀតណាម បានចាប់យកសម្ពន្ធ Indo-Pacific ។
៧.ចំណែកលោក ថាន់ស្វេ បានលង់ខ្លួននឹងគម្រោង យក្សរបស់ចិនទាំង៩ ក៏បានផ្ទេរអំណាចឱ្យលោកស្រី អោងសានស៊ូជី ដោយរលូន។ ប៉ុន្តែយុទ្ធសាស្ត្ររបស់អាមេរិក មិនអាចសម្រេចទេ ហេតុនេះព្រឹត្តិការណ៍រដ្ឋប្រហាយោធា ក៏កើតឡើងនៅមីយ៉ាន់ម៉ា។
៨.សហរដ្ឋអាមេរិក, អង់គ្លេស, ឥណ្ឌា, អូស្ត្រាលី និងជប៉ុន បានរួមគ្នាដាក់គំនាបទៅលើ យុទ្ធសាស្ត្រខ្សែក្រវ៉ាត់គុជរបស់ចិន ដែលប្រើកំពង់ផែរបស់មីយ៉ាន់ម៉ា គ្រប់គ្រងមហាសមុទ្រឥណ្ឌា ហ៊ុព័ទ្ធអាស៊ីអាគ្នេយ៍ទាំងមូល។
៩.ពេលនេះបើអ្នកនយោបាយមីយ៉ាន់ម៉ា កំណត់បន្ទាត់នយោបាយរបស់ខ្លួនខុស នឹងត្រូវវិនាសដូចអតីតកាល របស់កម្ពុជាបែបនោះដែរ។
១០.សហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត ពុំបានធ្វើឱ្យចិនព្រួយបារម្ភឡើយ ព្រោះចិនបានកំណត់យុទ្ធសាស្ត្ររួចហើយគឺ “Peaceful Invasion in Southeast Asia” មានន័យថា ការចូលមកគ្រប់អាស៊ីអាគ្នេយ៍ តាមរយៈការវិនិយោគដើម្បីគ្រប់គ្រងសេដ្ឋកិច្ច និងគាំទ្រដោយកម្លាំងយោធា ។