នយោបាយ

លោក សយ សុភាព ឲ្យកូនខ្មែរស្វែងយល់ ពីភូមិសាស្រ្តនយោបាយ ក្រោយ អាមេរិក-វៀតណាម រួមដៃគ្នាប្រជែង ជាមួយចិន (Video)

ភ្នំពេញ ៖ ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន លោក សយ សុភាព បានឲ្យកូនខ្មែរស្វែងយល់ឲ្យបានច្រើន និងកាន់តែច្បាស់បន្ថែមទៀត ពីភូមិសាស្រ្តនយោបាយ ទាំងក្នុងតំបន់ និងពិភពលោក ។

ការលើកឡើងរបស់លោកនេះ បន្ទាប់ពីទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី Channel News Asia បានចេញផ្សាយកាលពីថ្ងៃ៤ សីហាថា អតីតសត្រូវអាមេរិក គឺវៀតណាម បានលេចមុខជាដៃគូដ៏សំខាន់របស់សហរដ្ឋអាមេរិក និងជាគូប្រជែងដ៏ខ្លាំងក្លា នៃការទាមទារទឹកដីរបស់ចិន នៅសមុទ្រចិនខាងត្បូង ។

មន្រ្តីសេតវិមានជាន់ខ្ពស់ម្នាក់បានឲ្យដឹងថា អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris នឹងផ្តោតលើការការពារច្បាប់អន្តរជាតិ នៅសមុទ្រចិនខាងត្បូង ការពង្រឹងភាពជាអ្នកដឹកនាំរបស់អាមេរិក នៅក្នុងតំបន់ និងការពង្រីកកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខ ក្នុងអំឡុងពេលលោកស្រីធ្វើដំណើរ ទៅកាន់វៀតណាម និងសិង្ហបុរី។ ក្នុងដំណើរទស្សនកិច្ច នៅវៀតណាម លោកស្រីមានគោលបំណងប្រមូលផ្តុំការគាំទ្រពីអន្តរជាតិ ដើម្បីទប់ទល់នឹងឥទ្ធិពលពិភពលោក ដែលកំពុងកើនឡើងរបស់ចិន ។

លោក សយ សុភាព តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃ៥ សីហា លោកថ្លែងថា “នេះហើយភូមិសាស្ត្រនយោបាយ សូមកូនខ្មែរស្វែងយល់ឲ្យបានច្រើនសម្រាប់យើងទាំងបច្ចុប្បន្ន និងអនាគត។ ក្រោយសៀមវាយយើងបែកអង្គរ និងចាកចោលអង្គរ យើងស្ទើរតែបាត់ផែនទីចង្អុលផ្លូវសម្រាប់ដឹកនាំនគរ ។ ដោយយួន និងសៀម ជាអ្នកដឹកយើងជំនួសអស់រាប់រយឆ្នាំ។ តែពេលនេះយើងមានផែនទីចង្អុលផ្លូវហើយ ក្រោយខ្មែរបិទបញ្ចប់ទំនាស់ គ្រប់បែបយ៉ាង កាលពី ២៩ ធ្នូ ១៩៩៨ ក្រោមទស្សនៈវិជ្ជានយោបាយដ៏ភ្លឺស្វាងរបស់រដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា” ។

លោកថា ហេតុអីខ្មែរខ្លះ វិភាគសរសើរតែពីគេ ហើយមកវាយប្រហារតែខ្មែរដូចគ្នាទៅវិញ។ សព្វថ្ងៃខ្មែរដើរត្រូវហើយ ដោយងាកពីវៀតណាម រួចបានកសាង «មិត្តដែកថែបជាមួយចិន»។ លោកបន្តថា បើខ្មែរ និងចិន មិនក្លាយជាមិត្តដែកថែបទេ តើអ្នកអាចស្រែកជេរ នៅក្នុងប្រទេសបានទេ? ហេតុអីបានជាអ្នកឯងអាយ៉ងរបស់គេដោយមិនដឹងខ្លួន? ពេលខ្មែរ និងចិនក្លាយជាមិត្តដែកថែប អ្នកស្រែកថា អន្ទាក់បំណុលដែលជាពាក្យក្រុមឥណ្ឌូ-ប៉ាស៊ីហ្វិក ជាអ្នកប្រើទៅវិញ៕

To Top