ហាណូយ៖ អនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហារីស បានចោទប្រកាន់ចិនជាថ្មីម្តងទៀតពីបទសម្លុតគំរាមកំហែងប្រទេសជិតខាងអាស៊ីអាគ្នេយ៍របស់ខ្លួន ជាលើកទី ២ ក្នុងរយៈពេលពីរថ្ងៃដែលលោកស្រី បានវាយប្រហារទីក្រុងប៉េកាំង អំឡុងដំណើរទស្សនកិច្ចថ្នាក់តំបន់ ខណៈទីក្រុងវ៉ាស៊ីនតោន ព្យាយាមប្រមូលដៃគូក្នុងតំបន់ ដើម្បីទប់ទាល់កំណើនសេដ្ឋកិច្ច ឥទ្ធិពលយោធា របស់ចិន។
ក្រសួងការបរទេសចិន បានវាយប្រហារតបតវិញកាលពីថ្ងៃពុធ ហើយចោទអាមេរិកថា បានជ្រៀតជ្រែកចូលកិច្ចការតំបន់ និងរំខានដល់សន្តិភាព។ នៅព្រឹកថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានចោទប្រកាន់លោកស្រី ហារីស ថាកំពុងព្យាយាមជំរុញឱ្យមានការយោគយល់គ្នារវាងប្រទេសចិន និងប្រជាជាតិអាស៊ីអាគ្នេយ៍ជាមួយនឹងការអត្ថាធិប្បាយនៅប្រទេសសិង្ហបុរីថា ទីក្រុងប៉េកាំង បានប្រើការបង្ខិតបង្ខំ និងបំភិតបំភ័យ ដើម្បីគាំទ្រការទាមទារសមុទ្រចិនខាងត្បូងដោយខុសច្បាប់។
ថ្លែងនៅទីក្រុងហាណូយ កាលពីថ្ងៃពុធលោកស្រី ហារីស បានលើកឡើងថា មានតម្រូវការដើម្បីដាក់សម្ពាធលើប្រទេសចិន ជុំវិញការទាមទារដែនសមុទ្ររបស់ខ្លួន និងបានផ្តល់ការគាំទ្រដល់ប្រទេសវៀតណាម នៅក្នុងវិស័យសំខាន់ៗមួយចំនួន រួមទាំងការពង្រឹងសន្តិសុខដែនសមុទ្រ ដើម្បីទប់ទល់នឹងការកើនឡើងនូវការអះអាងរបស់ទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូង។
លោកស្រី ហារីស បានលើកឡើងអំឡុងកិច្ចប្រជុំជាមួយវៀតណាមថា“ យើងត្រូវរកវិធីដាក់សម្ពាធ បង្កើនសម្ពាធលើទីក្រុងប៉េកាំង ឱ្យគោរពតាមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ និងដើម្បីប្រឆាំងការសម្លុតគំរាមកំហែង និងការទាមទារដែនសមុទ្ររបស់ខ្លួន” ។
លោកស្រី ហារីស បានផ្តល់ឱ្យវៀតណាម នូវដំណើរទស្សនកិច្ចបន្ថែមទៀត ដោយនាវាចម្បាំងអាមេរិក និងនាវាផ្ទុកយន្តហោះ វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ និងជំនួយផ្សេងទៀតដើម្បីទប់ទល់នឹងជំងឺរាតត្បាត និងបានប្រកាសបើកដំណើរការកម្មវិធីជាច្រើន ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ នេះបើយោងតាមមន្រ្តីសេតវិមានម្នាក់ ដែលមិនបញ្ចេញឈ្មោះ។
ដំណើរទស្សនកិច្ចរយៈពេល ៧ថ្ងៃរបស់លោកស្រី ហារីស ទៅកាន់ប្រទេសសិង្ហបុរី និងវៀតណាម គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តធំទូលាយរបស់អាមេរិក ដើម្បីទប់ទាល់នឹងការកើនឡើងនូវឥទ្ធិពលរបស់ចិន នៅទូទាំងពិភពលោក។
គួរបញ្ជាក់ថា ទាំងប្រទេសចិន វៀតណាម ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីននិ ងតៃវ៉ាន់ បានទាមទារយកផ្នែកខ្លះនៃសមុទ្រចិនខាងត្បូង ដែលត្រូវបានឆ្លងកាត់ដោយផ្លូវដឹកជញ្ជូនដ៏សំខាន់ និងមានវាលឧស្ម័ន និងកន្លែងនេសាទសម្បូរបែប។
ប្រទេសចិន បានបង្កើតប៉ុស្តិ៍យោធានៅលើកោះសិប្បនិម្មិត នៅសមុទ្រចិនខាងត្បូង និងប្រឆាំងនឹងនាវាចម្បាំងបរទេស ដែលធ្វើដំណើរឆ្លងកាត់អ្វីដែលខ្លួនអះអាងថា ជាដែនអធិបតេយ្យរបស់ខ្លួន។
កន្លងមកកងទ័ពជើងទឹកអាមេរិក តែងតែធ្វើប្រតិបត្តិការ សេរីភាពនាវាចរណ៍ ឆ្លងកាត់ដែនទឹកមានជម្លោះ ដែលចិនជំទាស់ដោយលើកឡើងថា ពួកគេមិនជួយលើកកម្ពស់សន្តិភាព ឬស្ថិរភាព៕
ដោយ ឈូក បូរ៉ា