ព័ត៌មានអន្តរជាតិ

បារាំង គ្រោងបញ្ចប់ការជម្លៀស នៅអាហ្វហ្គានីស្ថាន ចាប់ពីពេលល្ងាចថ្ងៃសុក្រ

បរទេស៖នាយករដ្ឋមន្ត្រីនៃប្រទេសបារាំង លោក Jean Castex តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់វិទ្យុ RTL radio ថា ប្រទេសបារាំង នឹងមិនអាចធ្វើការជម្លៀសប្រជាជន ចេញពីប្រទេសអាហ្វហ្គានីស្ថានទៀតទេ ចាប់ពីល្ងាចថ្ងៃសុក្រតទៅ។

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ARAB NEWS នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីបារាំងរូបនេះ បានមានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា “យើងនឹងបន្តរហូតដល់ពេលល្ងាចថ្ងៃស្អែកនេះ”។

សហរដ្ឋអាមេរិកនិងសម្ពន្ធមិត្ត បានជំរុញឲ្យប្រជាជន ធ្វើដំណើរចេញពីទីក្រុងកាប៊ុល នៅថ្ងៃព្រហស្បតិ៍នេះ ដោយសារតែការគម្រាមកំហែងនៃការវាយប្រហារភេរវកម្ម ធ្វើឡើងដោយពួកសម្មប្រយុទ្ធ Daesh ស្របពេលដែលកងទ័ពលោកខាងលិច ប្រញាប់ប្រញាល់ជម្លៀសប្រជាជនយ៉ាងច្រើនបំផុត តាមដែលអាចទៅរួច ឲ្យបានមុនកាលផុតកំណត់ថ្ងៃទី៣១ ខែសីហា។

គួរបញ្ជាក់ថា សម្ពាធឲ្យបញ្ចប់ការជម្លៀសជនបរទេសរាប់ពាន់នាក់ និងជនជាតិអាហ្វហ្គានីស្ថាន ដែលជួយប្រទេសលោកខាងលិច នៅក្នុងអំឡុងសង្គ្រាម២០ឆ្នាំ ប្រឆាំងនឹងពួកតាលីបង់ បានកើនកាន់តែខ្លាំងឡើង ដោយកងទ័ពអាមេរិកនិងសម្ពន្ធមិត្តទាំងអស់ ដល់ពេលចាកចេញពីអាកាសយានដ្ឋាន នៅសប្ដាហ៍ក្រោយនេះ៕ប្រែសម្រួល៖ប៉ាង កុង


To Top