ព័ត៌មានអន្តរជាតិ

សមាជិកបក្សលទ្ធិប្រជាធិបតេយ្យជំរុញលោក បៃដិន ឲ្យបញ្ចប់គោលនយោបាយអន្តោប្រវេសន៍លោក ត្រាំ

បរទេស៖សមាជិកសភាមកពីបក្សលទ្ធិប្រជាធិបតេយ្យ និងអ្នកគាំទ្រអន្តោប្រវេសន៍ បានជំរុញលោកប្រធានាធិបតី ចូ បៃដិន ឲ្យចាត់វិធានការថ្មីបញ្ចប់គោលនយោបាយអន្តោប្រវេសន៍ ដែលបានចាប់ផ្តើមដោយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្រោយតុលាការកំពូលអាមេរិក បានបញ្ជាថា កម្មវិធី “បន្តនៅក្នុងប្រទេសម៉ិកស៊ិក” គួរតែបន្តឡើងជាថ្មី។

គោលនយោបាយ ដែលដាក់ឲ្យប្រើជាធរមានដោយលោក ត្រាំ នោះ បានបង្ខំឲ្យអ្នកសុំសិទ្ធិជ្រកកោនរាប់ពាន់នាក់ ស្នាក់នៅក្នុងប្រទេសម៉ិកស៊ិក ដើម្បីរង់ចាំស្តាប់ដំណឹងពីអាមេរិក ហើយនៅក្នុងចំណាត់ការមួយក្នុងចំណោមចំណាត់ការដំបូងរបស់លោក ក្នុងនាមជាប្រធានាធិបតី លោក បៃដិន បានបញ្ចប់គោលនយោបាយ ដែលមានឈ្មោះជាផ្លូវការថា ពិធីការការពារអន្តោប្រវេសន៍។

ប្រធានគណៈកម្មការចំណងមិត្តភាពបរទេសរបស់ព្រឹទ្ធសភាអាមេរិក លោក Robert Menendez មកពីគណបក្សលទ្ធិប្រជាធិបតេយ្យ តាមសេចក្តីរាយការណ៍ បានអំពាវនាវឲ្យរដ្ឋបាលលោក បៃដិន ឲ្យធ្វើការបញ្ចប់តាមផ្លូវច្បាប់ នូវការអនុវត្តតាមគោលនយោបាយដ៏អាម៉ាស់នេះ។

ចំណែកតំណាងសហរដ្ឋអាមេរិក លោកស្រី Lucille Roybal-Allard ក៏បានជំរុញរដ្ឋបាលលោក បៃដិន ឲ្យបញ្ចប់នូវអ្វីដែលលោកស្រីហៅថា ជាគោលនយោបាយអមនុស្សធម៌ បង្ខំឲ្យអ្នកសុំសិទ្ធិជ្រកកោន រួមមានទាំងស្ត្រីនិងកុមារ ឲ្យរង់ចាំនៅក្នុងទីក្រុងតាមព្រំដែនដ៏មានគ្រោះថ្នាក់ ធ្វើឲ្យពួកគេប្រឈមមុខនឹងហានិភ័យនៃការកេងយកប្រយោជន៍ពីក្រុមឈ្មួញ និងអង្គការឧក្រិដ្ឋកម្ម៕ប្រែសម្រួល៖ប៉ាង កុង

To Top