បរទេស៖ មន្ត្រីពួកតាលីបង់មួយរូប នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយប្រាប់ថា កងកម្លាំងការពារពួកតាលីបង់ នៅតែបន្តផ្តល់កិច្ចការពារដល់ជនស៊ីវិល នៅខាងក្រៅអាកាសយានដ្ឋានកាប៊ុល និងបានបន្ថែមថា កងកម្លាំងលោកខាងលិច ត្រូវតែប្រកាន់ខ្ជាប់ នូវកាលផុតកំណត់នៃការបញ្ចប់ជម្លៀស ចេញពីអាហ្វហ្គានីស្ថាន នៅចុងខែនេះ។
មន្ត្រីរូបនោះ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ តាមសេចក្តីរាយការណ៍ បាននិយាយយ៉ាងដូច្នេះថា “កងកម្លាំងការពាររបស់យើង ក៏កំពុងតែប្រថុយជីវិតរបស់ពួកគេ នៅអាកាសយានដ្ឋានទីក្រុងកាប៊ុល ដោយពួកគេប្រឈមមុខខ្លាំងហួស ចំពោះការគម្រាមកំហែងពីក្រុមរដ្ឋឥស្លាមជ្រុលនិយម”។
សហរដ្ឋអាមេរិកនិងសម្ពន្ធមិត្ត នៅថ្ងៃព្រហស្បតិ៍នេះ បានជំរុញមនុស្សឲ្យចាកចេញពីអាកាសយានដ្ឋានទីក្រុងកាប៊ុល ដោយសារតែការគម្រាមកំហែងនៃការវាយប្រហារភេរវកម្មរបស់ពួកក្រុមរដ្ឋឥស្លាមជ្រុលនិយម ហៅកាត់ថា ISIS ស្របពេលដែលកងទ័ពលោកខាងលិច ប្រញាប់ប្រញាល់ជម្លៀសជនជាតិអាហ្វហ្គានីស្ថានយ៉ាងច្រើនបំផុត តាមដែលអាចទៅរួច នៅមុនកាលផុតកំណត់ថ្ងៃទី៣១ ខែសីហា។
គួរបញ្ជាក់ថា សម្ពាធឲ្យបញ្ចប់ការជម្លៀសជនបរទេសនិងជនជាតិអាហ្វហ្គានីស្ថានរាប់ពាន់នាក់ ដែលបានជួយលោកខាងលិច ក្នុងអំឡុងសង្គ្រាម២០ឆ្នាំ ប្រឆាំងនឹងពួកតាលីបង់ បានកើនឡើងជាខ្លាំង ដោយកងទ័ពអាមេរិកនិងសម្ពន្ធមិត្ត នឹងត្រូវដល់ពេលចាកចេញពីអាកាសយានដ្ឋាននៅសប្ដាហ៍ក្រោយនេះ៕
ប្រែសម្រួល៖ប៉ាង កុង