ព័ត៌មានអន្តរជាតិ

កាតា ស្នើផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ ដល់ជនជាតិអាហ្វហ្គានីស្ថាន ដែលត្រូវជម្លៀស

បរទេស៖ ក្រសួងការបរទេសកាតា បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកាតា កំពុងស្នើផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ ដល់ជនត្រូវជម្លៀសចេញពីប្រទេសអាហ្វហ្គានីស្ថាន កំពុងតែស្នាក់នៅក្នុងប្រទេសកាតា ដែលកំពុងតែសម្របសម្រួលដល់កិច្ចប្រឹងប្រែងជម្លៀសសកល ចាប់តាំងពីពួកតាលីបង់ដណ្ដើមបានទីក្រុងកាប៊ុលមក។


នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសបាននិយាយថា ប្រទេសកាតា ដែលមានមូលដ្ឋានយោធាអាមេរិកដ៏ធំបំផុតក្នុងតំបន់នោះ រហូតមកទល់ពេលនេះ បានជួយជម្លៀសមនុស្សជាង៤០.០០០នាក់ មកកាន់ទីក្រុងដូហា ហើយនឹងបន្តធ្វើការសម្របសម្រួលដល់កិច្ចប្រឹងប្រែងអន្តរជាតិ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។


ក្រសួងការបរទេសកាតា តាមសេចក្តីរាយការណ៍ បានបន្តថា ជនជម្លៀស ដែលភ្លាមៗនេះនៅមិនទាន់បញ្ជូនទៅកាន់ប្រទេសដទៃនោះ នឹងត្រូវផ្តល់ការតេស្ត PCR និងថ្នាំវ៉ាក់សាំងកូវីដ១៩ ប្រសិនបើស្នើសុំ និងបានបន្ថែមថា ទីក្រុងដូហា ជាបណ្ដោះអាសន្ន កំពុងតែទទួលជនជម្លៀសដ៏ច្រើនមួយ ដែលភាគច្រើនពួកគេ គឺជានិស្សិត ក្រុមគ្រួសារ និងអ្នកសារព័ត៌មាន។


គួរបញ្ជាក់ថា ប្រទេសកាតា ក៏បានយល់ព្រមជាមួយសហរដ្ឋអាមេរិក ធ្វើការទទួលជាបណ្ដោះអាសន្ន នូវជនជាតិអាហ្វហ្គានីស្ថាន៨.០០០នាក់ ក្នុងខណៈដែលសហភាពអារ៉ាប់រួមនិងគុយវ៉ែតនិយាយថា ពួកគេនឹងទទួលចំនួន៥.០០០នាក់៕


ប្រែសម្រួល៖ប៉ាង កុង

To Top