ព័ត៌មានអន្តរជាតិ

ជប៉ុន ស្វែងរកកិច្ចសហប្រតិបត្តិការ​​ ជាមួយនឹងប្រទេសផ្សេងៗ ក្នុងការជួយជម្លៀសពលរដ្ឋពី អាហ្វហ្គានីស្ថាន

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃសុក្រថា បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកចំនួន២គ្រាប់ នៅជិតព្រលានយន្តហោះ ក្រុងកាប៊ុល ដែលបានសម្លាប់មនុស្សអស់ជាង១០៣នាក់ អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសជប៉ុន នឹងស្វែងរកដើម្បីធ្វើការជម្លៀសពលរដ្ឋរបស់ខ្លួន និងបុគ្គលិកក្នុងស្រុក នៅស្ថានទូតរបស់ខ្លួន និងអង្គភាពជប៉ុនផ្សេងៗទៀត ពីអាហ្វហ្គានីស្ថាន ដោយធ្វើការសហការជាមួយនឹងប្រទេសផ្សេងៗទៀត ។


លោក Katsunobu Kato ប្រធានខុទ្ទកាល័យជប៉ុន បានថ្លែងថា គាត់មិនទាន់បានទទួលរបាយការណ៍ណាមួយនៃការស្លាប់ រឺរងរបួស ក្នុងចំណោមពលរដ្ឋជប៉ុន និងបុគ្គលិកក្នុងស្រុក បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែក នៅខាងក្រៅព្រលានយន្តហោះ ។


គាត់បានប្រាប់ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ស្ថានភាពគឺប្រែប្រួល និងមិនអាចនឹកស្មានដល់ឡើយ ប៉ុន្តែយើងនឹងបន្តខិតខំធ្វើដើម្បីឲ្យការជម្លៀសខ្លួនមានសុវត្ថិភាពសម្រាប់ពលរដ្ឋ ទន្ទឹមនឹងនេះដែរ ធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋ អាមេរិក និងប្រទេសផ្សេងៗទៀតដែលពាក់ព័ន្ធ និងចូលរួមយ៉ាងជិតស្និទ្ធដើម្បីសុវត្ថិភាពនៃការជម្លៀសខ្លួនបុគ្គលិករបស់ប្រទេសយើងដល់ព្រលានយន្តហោះកាប៊ុល” ។


គាត់បានឲ្យដឹងទៀតថា “ជប៉ុន ធ្វើការថ្កោលទោសអំពើភេរវកម្មគ្រប់រូបភាពទាំងអស់ឬរាល់បំណងណាមួយដែលធ្វើឡើង” ៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top