បរទេស ៖ ប្រធានាធិបតីសហរដ្ឋ អាមេរិក លោក ចូ បៃដិន បាននិយាយនៅថ្ងៃសុក្រ សប្ដាហ៍នេះថា សហរដ្ឋអាមេរិក នឹងព្យាយាមសាកល្បងការទូត ដើម្បីរាក្សាមិនឲ្យប្រទេស អ៊ីរ៉ង់ សម្រេចបាន អាវុធនុយក្លេអ៊ែ ប៉ុន្តែនឹងប្រើប្រាស់ជម្រើសដទៃ ប្រសិនបើចាំបាច់ ។
លោកបានធ្វើការថ្លែងយ៉ាងដូច្នោះ នៅការិយាល័យ Oval Office នៃសេតវិមាន ក្រោយជំនួបទ្វេភាគីដំបូង របស់លោក ជាមួយ នឹងនាយករដ្ឋមន្ត្រីថ្មីនៃប្រទេសអ៊ីស្រាអែល លោក Naftali Bennett នេះបើតាមសេចក្តី រាយការណ៍មួយ ពីទីភ្នាក់ងារ សារព័ត៌មាន UPI ។
គួរបញ្ជាក់ថា ជំនួបមុខគ្នាផ្ទាល់ រវាងមេដឹកនាំទាំងពីរនោះ ត្រូវបានគេពន្យាពេល រយៈពេលមួយថ្ងៃ ដោយសារតែការផ្ទុះចំនួនពីរ នៅក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ សម្លាប់មនុស្សជាង១០០នាក់ រួមមានទាំងទាហាន អាមេរិក១៣នាក់ផង ។
លោក ចូ បៃដិន បាននិយាយប្រាប់ អ្នកសារព័ត៌មាន យ៉ាងដូច្នេះថា “យើងនឹងពិភាក្សាគ្នា ពីការគម្រាមកំហែង ពីប្រទេសអ៊ីរ៉ង់ និងការប្តេជ្ញារបស់យើង ដើម្បីធានាថា ប្រទេសអ៊ីរ៉ង់នឹងមិនអភិវឌ្ឍអាវុធនុយក្លេអ៊ែ។ យើងនឹងប្រកាន់ យកកិច្ចការ ការទូតជាអាទិភាពចម្បង និងមើលនូវទី ដែលវានាំយើងទៅ ប៉ុន្តែប្រសិនបើ កិច្ចការការទូត បរាជ័យនោះ យើងត្រៀមជាស្រេចវិល ទៅរកជម្រើសផ្សេងទៀត”។
ប្រែសម្រួល៖ប៉ាង កុង