ព័ត៌មានអន្តរជាតិ

ពួកតាលីបង់៖ ជនជាតិអាហ្វហ្គានីស្ថាន អាចធ្វើដំណើរដោយសេរី ក្នុងពេលអនាគត

បរទេស៖ ក្នុងសុន្ទរកថាផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ ដែលមានគោលបំណង រម្ងាប់ការភ័យខ្លាច ដែលថា ពួកតាលីបង់គ្រោងធ្វើការ រឹតបន្តឹងខ្លាំងលើសេរីភាពនោះ មន្ត្រីជាន់ខ្ពស់តាលីបង់មួយរូប បាននិយាយថា ជនជាតិអាហ្វហ្គានីស្ថាន ដែលមានឯកសារស្របច្បាប់ នឹងអាចធ្វើដំណើរដោយសេរីគ្រប់ពេល នៅក្នុងពេលអនាគត។

លោក Sher Mohammad Abbas Stanikzai ជាអនុប្រធាននៃគណកម្មការ នយោបាយរបស់ពួកតាលីបង់ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់យ៉ាងដូច្នេះថា “ព្រំដែនអាហ្វហ្គានីស្ថាន នឹងបើកចំហ ហើយប្រជាជននឹងអាចធ្វើដំណើរ ចេញចូលក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅពេលណាមួយក៏បាន”។

គួរបញ្ជាក់ថា សារនេះរបស់ពួកតាលីបង់ គឺត្រូវបានធ្វើឡើង ស្របពេលដែលមានមនុស្សរាប់ពាន់នាក់ ប្រឹងប្រែងឡើងជើងយន្តហោះ ចាកចេញពីអាកាសយានដ្ឋានកាប៊ុល នៅមុនពេលកាលកំណត់ សម្រាប់ការជម្លៀសរបស់ លោកខាងលិច នឹងបញ្ចប់នៅសប្ដាហ៍ក្រោយនេះ។

គួរបញ្ជាក់ថា ថ្ងៃទី៣១ ខែសីហា គឺជាកាលផុតកំណត់ ដែលសហរដ្ឋអាមេរិកនិងពួកតាលីបង់ បានកំណត់សម្រាប់ការ ដកកងទ័ពអាមេរិកឲ្យអស់ ចេញពីប្រទេសអាហ្វហ្គានីស្ថាន ហើយសហរដ្ឋអាមេរិក បាននិយាយថា ខ្លួននឹងប្រកាន់ខ្ជាប់ ចំពោះកាលផុតកំណត់នោះ ក្នុងការបញ្ចប់បេសកកម្ម យោធារបស់ខ្លួន ៕

ប្រែសម្រួល៖ ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top