ព័ត៌មានអន្តរជាតិ

អាមេរិក បើកការវាយប្រហារ តាមអាកាស កំណត់គោលដៅ លើយាន្ដជំនិះក្រុមឧទ្ទាម ISIS-K ក្នុងទីក្រុងកាប៊ុល

វ៉ាស៊ីនតោន៖ ទីបញ្ជាការកណ្តាលអាមេរិកបានឲ្យដឹងថា កម្លាំងយោធាអាមេរិក បានធ្វើការវាយប្រហារតាមអាកាស នៅទីក្រុងកាប៊ុលប្រឆាំងនឹងរថយន្តសង្ស័យជាកម្មសិទ្ធិរបស់ក្រុម ISIS-K ដែលអាចបង្កការគំរាមកំហែងដល់ព្រលានយន្តហោះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យទីបញ្ជាការកណ្តាលអាមេរិកលោក Bill Urban បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារតាមអាកាសនេះបានលុបបំបាត់“ ការគំរាមកំហែង របស់ក្រុម ISIS-K ដែលនឹងមកដល់ព្រលានយន្តហោះអន្តរជាតិ Hamad Karzai របស់ប្រទេសអាហ្វហ្គានីស្ថាន” ។

លោក Urban បានលើកឡើងថា“ យើងជឿជាក់ថា យើងបានទៅដល់គោលដៅដោយជោគជ័យ។ អ្នកនាំពាក្យរូបនេះបានបន្ដថា “យើងកំពុងវាយតម្លៃលទ្ធភាពនៃការស្លាប់របស់ជនស៊ីវិលទោះបីយើងគ្មានការចង្អុលបង្ហាញនៅពេលនេះក៏ដោយ។ យើងនៅតែមានការប្រុងប្រយ័ត្នចំពោះការគំរាមកំហែងនាពេលអនាគត” ។

ការវាយប្រហារតាមអាកាសនេះបានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានព្រមានកាលពីថ្ងៃសៅរ៍ថា ការវាយប្រហារភេរវកម្មមួយផ្សេងទៀតប្រឆាំងនឹងអាកាសយានដ្ឋានទីក្រុងកាប៊ុល ទំនងជាអាចកើនមានកម្រិតខ្ពស់ក្នុងរយៈពេល ២៤-៣៦ ម៉ោងខាងមុខនេះ” ។

នេះគឺជាការវាយប្រហារលើកទី ២ របស់យោធាអាហ្វហ្គានីស្ថាន ចាប់តាំងពីការបំផ្ទុះគ្រាប់បែកអត្តឃាតនៅខាងក្រៅអាកាសយានដ្ឋានក្រុងកាប៊ុល កាលពីថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់សមាជិកសេវាកម្មអាមេរិក ១៣ នាក់ និងជនជាតិអាហ្វហ្គានីស្ថាន ១៧០ នាក់។ ហើយ ក្រុម ISIS-K បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។

ជាការសងសឹកចំពោះការវាយប្រហារដ៏សាហាវនេះយោធាអាមេរិកកាលពីថ្ងៃសុក្រ បានបើកការវាយប្រហារដោយដ្រូនគ្មានមនុស្សបើកប្រឆាំងនឹងក្រុមភេរវករនៅក្នុងខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ដែលបានសម្លាប់សមាជិក“ កំពូល” ពីរនាក់ និងបង្ករបួសម្នាក់ទៀតនេះ បើយោងតាមមន្ទីរបញ្ចកោណ៕ដោយ ឈូក បូរ៉ា

To Top