ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង បញ្ជូនអ្នកចរចា នុយក្លេអ៊ែរ ទៅកាន់អាមេរិក ដើម្បីពិភាក្សាលើ បញ្ហាកូរ៉េខាងជើង

សេអ៊ូល ៖ បេសកជននុយក្លេអ៊ែរ កំពូលរបស់កូរ៉េខាងត្បូង បានទៅដល់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាជាមួយ សមភាគីអាមេរិក របស់លោក អំពីវិធីដើម្បីបន្តការ សន្ទនាជាមួយ កូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ ។

ដំណើរទស្សនកិច្ចរបស់លោក Noh Kyu-duk ទៅកាន់ទីក្រុងវ៉ាស៊ីនតោន គឺបន្ទាប់ពីសមភាគីអាមេរិកលោក Sung Kim បានធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូល កាលពីសប្តាហ៍មុន។លោកបាននិយាយអំពីហេតុផល សម្រាប់ដំណើរទស្សនកិច្ច របស់លោក នៅ សហរដ្ឋអាមេរិកថា“ ខ្ញុំជឿជាក់ថា ឥឡូវនេះយើងកំពុង ស្ថិតនៅចំណុច សំខាន់ ដើម្បីចាប់ផ្តើមដំណើរ ការសន្តិភាពនៅឧបទ្វីប កូរ៉េឡើងវិញ” ។ ខ្ញុំបានមកទី ក្រុងវ៉ាស៊ីនតោន ដើម្បីបន្តការពិភាក្សា ដែលខ្ញុំមានជាមួយតំណាង ពិសេសលោក Sung Kim នៅទីក្រុង សេអ៊ូល កាលពីសប្តាហ៍មុន” ។

លោកបានប្រាប់ អ្នកយកព័ត៌មាន បន្ទាប់ពីបានទៅដល់ទីក្រុង វ៉ាស៊ីនតោនថា“ ខ្ញុំចង់ធ្វើការពិភាក្សា ស៊ីជម្រៅ លើបញ្ហាផ្សេងៗ ដែលទាក់ទងនឹងឧបទ្វីបកូរ៉េ រួមទាំងបញ្ហា នុយក្លេអ៊ែរ កូរ៉េខាងជើង ជាមួយ មន្រ្តីរដ្ឋាភិបាល អាមេរិក ក្នុងអំឡុងពេលដំណើរ ទស្សនកិច្ចនៅ សហរដ្ឋអាមេរិក” ។

មុននេះក្រសួងការបរទេស ក្រុងសេអ៊ូល បានលើកឡើង ថា Noh Kyu-duk នឹងជួបជាមួយមន្រ្តី មកពីក្រសួងការបរទេស ក៏ដូចជាក្រុមប្រឹក្សា សន្តិសុខជាតិ សេតវិមាន ហើយភាគីទាំងពីរទំនង ជានឹងពិភាក្សាស៊ីជម្រៅ លើបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ។

កូរ៉េខាងជើង បាននៅឆ្ងាយ ពីកិច្ចពិភាក្សា ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ ចាប់តាំងពីជំនួបកំពូលលើកទី ២ របស់មេដឹក នាំលោក គីម ជុងអ៊ុន ជាមួយអតីតប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ បានបញ្ចប់ ដោយគ្មាន កិច្ចព្រមព្រៀងនៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីខែកុម្ភៈ ឆ្នាំ២០១៩ ។

លោកត្រាំ និង លោកគីម បានជួបគ្នាលើកដំបូង នៅសិង្ហបុរី កាលពីខែ មិថុនាឆ្នាំ ២០១៨ ដែលជាកិច្ច ប្រជុំកំពូល អាមេរិក-កូរ៉េខាងជើង ជាលើកដំបូង មិនធ្លាប់មាន។

ទីក្រុងព្យុងយ៉ាង ក៏មិនអើពើចំពោះការ សម្រេចរបស់រដ្ឋបាលលោក លោក ចូបៃដិន ចាប់តាំងពីលោក បានចូលកាន់តំណែង កាលពីខែមករា ខណៈដែលព្រមានទីក្រុងសេអ៊ូល និង វ៉ាស៊ីនតោនអំពី “ វិបត្តិសន្តិសុខធ្ងន់ធ្ងរ” សម្រាប់ការធ្វើសមយុទ្ធយោធា រួមគ្នាជាទៀង ទាត់របស់ពួកគេ នៅក្នុងខែនេះ៕

ដោយ ឈូក បូរ៉ា

To Top