បរទេស៖ កងទ័ពជើងអាកាសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹង នៅថ្ងៃអង្គារសប្ដាហ៍នេះថា ខ្លួនទើបបានបញ្ចប់ សមយុទ្ធពហុជាតិមួយ ជាមួយកងកម្លាំងជើងអាកាស នៃប្រទេសអូស្ត្រាលី នៅក្នុងរដ្ឋអាឡាស្កា។
សមយុទ្ធ Red Flag-Alaska 21-3 ដែលត្រូវបានប្រារព្ធធ្វើឡើង កាលពីសប្ដាហ៍មុននោះ គឺជាសមយុទ្ធតាមប្រក្រតីមួយ ដែលបានកើតមានឡើង៣ឬ ៤ដងក្នុងមួយឆ្នាំ ដោយវាមានគោលបំណង ពង្រឹងអន្តរប្រតិបត្តិការ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក តាមរយៈការហាត់សមចម្បាំង។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា សមយទ្ធទង់ក្រហមក្នុងឆ្នាំនេះ គឺជាលើកដំបូង ដែលមានការចូលរួមដោយ យន្តហោះចម្បាំងបំបំាំងកាយ F-35 Lighting II មកពីកងទ័ពជើងអាកាសអូស្ត្រាលី ព្រមទាំងយន្តហោះចម្បាំងជំនាន់ទី៥ មកពីអាមេរិក។
ក្រុមមន្ត្រីកងទ័ពអាកាស បាននិយាយប្រាប់ឲ្យដឹងថា សមាជិកប្រមាណ ១.៨០០នាក់ មកពីកងទ័ពជើងអាកាស នៃប្រទេសទាំងពីរ បានធ្វើការរក្សា និងគាំទ្រដល់យន្តហោះចំនួន ៨០គ្រឿង ដែលមកពីអង្កភាពជាង២០ ៕
ប្រែសម្រួល៖ ប៉ាង កុង
