ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង៖ ប្រជាជនដែលកំពុងស្រេកឃ្លាន បានចាប់ជំរិតកូនៗ របស់គ្រួសារអ្នកមាន ដើម្បីយកប្រាក់លោះ មកទិញអាហារ

បរទេស៖ ជនជាតិកូរ៉េខាងជើង ដែលស្រេកឃ្លាន បានប្រើមធ្យោបាយដោយចាប់ជំរិតកូន ៗ របស់គ្រួសារអ្នកមាន និងទាមទារប្រាក់លោះ ដើម្បីឱ្យពួកគេមានលទ្ធភាព ទទួលបានចំណីអាហារ។

យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា យ៉ាងហោចណាស់ មានការចាប់ពង្រត់កុមារចំនួន ៤ នាក់ ត្រូវបានគេរាយការណ៍ នៅក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ នៅក្នុងប្រទេសកូរ៉េខាងជើង ដែលកំពុងជួបការលំបាក ក្រោមទណ្ឌកម្មអន្តរជាតិដែល ដាក់លើរបបលោកប្រធានាធិបតី គីមជុងអ៊ុន។

ការខ្វះស្បៀងអាហារ ថ្នាំពេទ្យ ប្រេងឥន្ធនៈ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ដទៃទៀតដែលចាំបាច់ បានធ្វើឱ្យកាន់តែអាក្រក់ទៅ ៗ ចាប់តាំងពីទីក្រុងព្យុងយ៉ាង បានបិទព្រំដែនរបស់ខ្លួនទាំងស្រុង នៅខែមករាឆ្នាំ ២០២០ ក្នុងគោលបំណងការពារជំងឺកូវីដ ១៩ មិនឱ្យចូលមកក្នុងប្រទេស។

របបនេះខ្លាចប្រព័ន្ធថែទាំសុខភាព ដែលមានអាយុកាលចំណាស់ និងបំពាក់មិនបានល្អរបស់ប្រទេស នឹងដួលរលំ ប្រសិនបើមេរោគឆ្លងរាលដាល ក្នុងចំណោមប្រជាជន។

ជាផ្លូវការមិនមានករណីឆ្លងវីរុសកូរ៉ូណា នៅក្នុងប្រទេសដែលមានព្រំប្រទល់ប្រវែង ១ ៣៥២ គីឡូម៉ែត្រជាមួយប្រទេសចិន ដែលតែងតែឆ្លងកាត់ ដោយអ្នករត់ពន្ធនោះទេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top