តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បានសម្តែងចេតនាលាលែងពីតំណែង ខណៈមានការរិះគន់ជាសាធារណៈជុំវិញការឆ្លើយតបរបស់លោក ចំពោះជំងឺរាតត្បាតកូវីដ-១៩ និងការសង្ស័យកាន់តែខ្លាំងឡើងក្នុងចំណោមសមាជិកសភាគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចអំពីភាពជាអ្នកដឹកនាំរបស់លោក បានកាត់បន្ថយឱកាសឈ្នះឆ្នោតក្នុងអាណត្តិទី២ ។
ជាមួយនឹងការសម្រេចចិត្តរបស់លោក មិនឱ្យឈរឈ្មោះក្នុងការបោះឆ្នោតប្រធានបក្ស LDP ថ្ងៃទី ២៩ ខែកញ្ញា សមាជិកសភាជាន់ខ្ពស់នៃគណបក្ស LDP មួយចំនួន ដូចជាអតីតរដ្ឋមន្រ្តីការបរទេស Fumio Kishida រដ្ឋមន្ត្រីចាក់វ៉ាក់សាំង Taro Kono និងអតីតរដ្ឋមន្រ្តីក្រសួងកិច្ចការផ្ទៃក្នុង Sanae Takaichi បានប្រកាសការចូលរួមប្រកួតប្រជែងរបស់ពួកគេ ឬបង្ហាញពីបំណងរបស់ពួកគេ ដើម្បីចូលរួមប្រជែងតំណែងនាយករដ្ឋមន្រ្តីផងដែរ ហើយយុទ្ធនាការនឹងចាប់ផ្តើមនៅថ្ងៃទី១៧ ខែកញ្ញា។
ការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្រ្តី កើតឡើងនៅពេល ដែលសមាជិកសភា LDP បានបង្កើនការរិះគន់ប្រឆាំងនឹងការកលល្បិចយុទ្ធសាស្ត្ររបស់លោក ដើម្បីបន្តការងារ រួមទាំងការផ្តល់យោបល់ថា លោកនឹងបណ្តេញលោក Toshihiro Nikai អគ្គលេខាធិការគណបក្ស ដែលបានជួយលោកឱ្យទទួលបានតំណែងនេះ កាលពីឆ្នាំមុន ក៏ដូចជាផ្អាកការបោះឆ្នោតសកល និងរុះរើនាយកប្រតិបត្តិ LDP និងខុទ្ទកាល័យ។
មេដឹកនាំ LDP ក្លាយជានាយករដ្ឋមន្ត្រីជប៉ុនយ៉ាងមានប្រសិទ្ធិភាព ចាប់តាំងពីគណបក្សនេះគ្រប់គ្រងសភាតំណាងរាស្រ្តជាន់ទាប ដែលមានឥទ្ធិពល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
លោក Suga បានប្រាប់អ្នកយកព័ត៌មានថា“ ខ្ញុំបានសម្រេចចិត្តផ្តោតលើវិធានការការពារមេរោគឆ្លង” ។ការវិវត្ដន៍នេះបានកើតឡើងមិនដល់មួយឆ្នាំផង បន្ទាប់ពីលោកលោក បានចូលកាន់តំណែង បន្ទាប់ពីការចាកចេញភ្លាមៗរបស់លោក ស៊ីនហ្សូ អាបេ ក្រោមហេតុផលសុខភាព។
លោកនាយករដ្ឋមន្រ្តីបានឲ្យដឹងនៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់នាយកប្រតិបត្តិ LDP កាលពីថ្ងៃសុក្រថា លោកនឹងផុតអាណត្តិជាប្រធាន LDP រហូតដល់ថ្ងៃទី៣០ ខែកញ្ញា។
លោកនឹងក្លាយជាមនុស្សទី ៧ ហើយ ដែលបានចូលរួមក្នុងបញ្ជីនាយករដ្ឋមន្រ្តីជប៉ុន ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០ ដែលបានលាឈប់ពីតំណែង បន្ទាប់ពីកាន់តំណែងបានមួយឆ្នាំ។
បន្ទាប់ពីការបរាជ័យជាច្រើនដោយសមាជិកសភា LDP និងសម្ព័ន្ធមិត្តរបស់លោក នៅក្នុងការបោះឆ្នោត រួមទាំងការបោះឆ្នោតអភិបាលក្រុង យ៉ូកូហាម៉ា កាលពីខែមុន ដែលបានគូសបញ្ជាក់ពីការមិនពេញចិត្តរបស់សាធារណជនជាមួយរដ្ឋាភិបាលនោះ លោកនាយករដ្ឋមន្រ្តីបាន និងកំពុងត្រួតពិនិត្យយ៉ាងខ្លាំង ចំពោះសមត្ថភាពរបស់លោក ក្នុងការដឹកនាំគណបក្ស។
គួរបញ្ជាក់ថា ការប្រកួតប្រជែង LDP ដែលនឹងសម្រេចចិត្តអ្នកស្នងតំណែងរបស់លោកនាយករដ្ឋមន្រ្តី បានកើតឡើងមុនការបោះឆ្នោតសកល ដែលត្រូវតែប្រព្រឹត្តទៅនៅរដូវស្លឹកឈើជ្រុះ ដោយសារអាណត្តិសមាជិកសភាជាន់ទាបផុតកំណត់នៅថ្ងៃទី២១ ខែតុលា៕
ដោយ ឈូក បូរ៉ា