ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានថ្កោលទោសចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅក្នុងប្រទេសហ្គីណេ និងបានអំពាវនាវឱ្យមានការដោះលែងប្រធានាធិបតីលោក អាល់ហ្វា ខនដេ ជាបន្ទាន់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ យើងទាមទារឱ្យមានការដោះលែងលោក អាល់ហ្វា ខនដេ និងភាពមិនអាចរំលោភបានរបស់លោក” ។
ប្រភពបានបន្ថែមថា ទីក្រុងម៉ូស្គូកំពុងឃ្លាំមើលយ៉ាងដិតដល់អំពីការវិវត្តដែលទាក់ទងនៅក្នុងប្រទេសហ្គីណេ ហើយបានជំរុញឱ្យកងកម្លាំងនយោបាយទាំងអស់នៅក្នុងតំបន់នេះ ចៀសវាងពីសកម្មភាពណាមួយ ដែលបង្កឱ្យមានភាពចលាចលបន្ថែមទៀត និងធ្វើការឆ្ពោះទៅរកការដោះស្រាយដោយសន្តិវិធី។
កាលពីថ្ងៃអាទិត្យលោកវរសេនីយ៍ឯក Mamady Doumbouya បានប្រកាសថា កងកម្លាំងរបស់លោកបានចាប់ខ្លួនលោក ខនដេ ប្រធានាធិបតីហ្គីណេ ហើយបានរំលាយរដ្ឋាភិបាល និងស្ថាប័នជាតិផងដែរ។
អង្គការអន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិនិងរដ្ឋាភិបាលមួយចំនួន ក៏បានថ្កោលទោស ចំពោះការធ្វើរដ្ឋប្រហារនេះ និងទាមទារឱ្យមានការដោះលែងលោក ខនដេ ផងដែរ៕
ដោយ ឈូក បូរ៉ា