សេអ៊ូល៖ ប្រភពបានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងត្បូង បានបាញ់សាកល្បងដោយ ជោគជ័យនូវមីស៊ីលផ្លោងឆ្លងទ្វីប (SLBM) ពីនាវាមុជទឹកថ្មី ដើម្បីក្លាយជាប្រទេសទី៨ របស់ពិភពលោក ដែលមានអាវុធនេះ។
ទីភ្នាក់ងារអភិវឌ្ឍន៍ការពារជាតិ (ADD) បានធ្វើតេស្តបាញ់មីស៊ីល SLBM ចេញពីនាវាមុជទឹក Dosan Ahn Chang-ho កាលពីសប្តាហ៍មុន បន្ទាប់ពីការបាញ់បង្ហោះដោយ ជោគជ័យពីក្រោមទឹកកាលពីខែមុន នេះបើយោងតាមប្រភពយោធា។
នាវាមុជទឹកប្រភេទទម្ងន់ ៣,០០០ តោនដែលត្រូវបានអភិវឌ្ឍ ក្នុងស្រុកត្រូវបានបំពាក់ ដោយបំពង់បាញ់បញ្ឈរចំនួន ៦ សម្រាប់មីស៊ីល ICBM នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។
ប្រភពបានឲ្យដឹងទៀតថា បន្ទាប់ពីការធ្វើតេស្តបន្ថែមមួយជុំ SLBM នឹងត្រូវផលិតយ៉ាងច្រើន សម្រាប់ដាក់ពង្រាយ។
មីស៊ីល SLBM ត្រូវបានគេជឿថា ជាប្រភេទមីស៊ីលផ្លោងរបស់ប្រទេស Hyunmoo-2B ដែលមានរយៈចម្ងាយ ហោះហើរប្រហែល ៥០០ គីឡូម៉ែត្រហើយនឹងបំពាក់ ដោយក្បាលគ្រាប់ធម្មតា។ មីស៊ីលនេះត្រូវបានគេរាយការណ៍ថា មានឈ្មោះ Hyunmoo 4-4 ។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូង បានក្លាយជាប្រទេសទី ៨ នៅលើពិភពលោក ដែលអភិវឌ្ឍមីស៊ីលប្រភេទ SLBM និង SLBM បន្ទាប់ពីសហរដ្ឋអាមេរិក រុស្ស៊ី អង់គ្លេស បារាំង ឥណ្ឌា ចិន និងកូរ៉េខាងជើង ៕
ដោយ ឈូក បូរ៉ា