ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលវេណេស៊ុយអេឡា និងក្រុមប្រឆាំង ព្រមព្រៀងគ្នាលើចំណុចសំខាន់ខ្លះៗ ក្នុងអំឡុងកិច្ចពិភាក្សានៅម៉ិកស៊ិក

បរទេស៖ រដ្ឋាភិបាលវេណេស៊ុយអេឡា និងតំណាងមកពីក្រុមប្រឆាំង បាននិយាយថា ពួកគេទើបបានព្រមព្រៀងគ្នាខ្លះៗ នៅក្នុងអំឡូងកិច្ចពិភាក្សាគ្នាក្នុងទីក្រុង Mexico City ជាផ្នែកនៃគំនូសបង្ហាញផ្លូវ ធ្វើឡើងដើម្បីដោះស្រាយវិបត្តិរ៉ាំរ៉ៃក្នុងប្រទេស។


នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ក្រោយកិច្ចចរចាធ្វើឡើងចាប់ពីថ្ងៃសុក្រដល់ថ្ងៃចន្ទនោះ ពួកគេបាននិយាយថា ចំណុចនៃកិច្ចព្រមព្រៀងនោះ មានជាប់ទាក់ទងនឹងវិធានការសង្គម ជាពិសេសលើអ្នកដែលរងផលប៉ះពាល់ដោយសារតែជម្ងឺកូវីដ១៩ និងជម្លោះទឹកដីពាក់ព័ន្ធនឹងប្រទេសហ្គីយ៉ាណា ដែលស្ថិតនៅជិតខាង។


តំណាងមកពីភាគីទាំងពីរ បាននិយាយថា កិច្ចពិភាក្សាគ្នាស្តីពីវិធានការសេដ្ឋកិច្ចនិងសង្គមនានា រួមមានទាំងសិទ្ធិពិសេស ជាមួយមូលនិធិរូបិយប័ណ្ណអន្តរជាតិ នឹងបន្តធ្វើនៅក្នុងកិច្ចពិភាក្សាគ្នាជុំបន្ទាប់ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CGTN នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១។


លោក Jorge Rodriguez ជាប្រធានរដ្ឋសភានៃប្រទេសវេណេស៊ុយអេឡា និងជាប្រមុខនៃគណៈប្រតិភូរដ្ឋាភិបាល បានមានប្រសាសន៍ថា “យើងមានផ្លូវដ៏វែងឆ្ងាយត្រូវទៅ យើងមានការងារជាច្រើនត្រូវធ្វើ យើងមានបញ្ហាជាច្រើនត្រូវពិភាក្សា ប៉ុន្តែនៅថ្ងៃនេះ យើងបានបង្ហាញថា យើងអាចនិយាយរឿងដ៏លំបាកបំផុតចំពោះយើងខ្លួនឯង”៕


ប្រែសម្រួល៖ប៉ាង កុង

To Top