ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាងវិនប៊ីន បាននិយាយនៅថ្ងៃអង្គារថា រដ្ឋាភិបាលទីក្រុងប៉េកាំងបានជំទាស់ចំពោះការបំប៉ោងទ្រឹស្តីរបស់ណាតូអំពីការគំរាមកំហែងនុយក្លេអ៊ែរពីប្រទេសចិន។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក វ៉ាងវិនប៊ីន នៅក្នុងសន្និសីទសារព័ត៌មានថា « ចិនសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងប្រឆាំងដាច់ខាតចំពោះការរំលោភបំពានទ្រឹស្តីរបស់ណាតូ ចំពោះទ្រឹស្តីគំរាមកំហែងនុយក្លេអ៊ែររបស់ចិន។ ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវលក្ខណៈការពារនៃយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់ខ្លួន និងរក្សាសក្តានុពលនុយក្លេអ៊ែររបស់ខ្លួនក្នុងកម្រិតទាបបំផុត ស្របតាមតម្រូវការសន្តិសុខរដ្ឋ»។

លោកថា សម្ព័ន្ធភាពគួរតែបោះបង់ចោលគោលនយោបាយចែករំលែកនុយក្លេអ៊ែរ ដើម្បីជាប្រយោជន៍នៃការគ្រប់គ្រងអាវុធ។
អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បានបន្តថា ណាតូគួរតែដកអាវុធនុយក្លេអ៊ែរមួយចំនួនធំ ដែលត្រូវបានដាក់ពង្រាយនៅទូទាំងទ្វីបអឺរ៉ុប ហើយធានាថា សហរដ្ឋអាមេរិកទទួលបន្ទុកការទទួលខុសត្រូវពិសេសចំពោះការកាត់បន្ថយយ៉ាងច្រើននូវឃ្លាំងអាវុធរបស់ខ្លួនដើម្បីឱ្យការរំសាយអាវុធនុយក្លេអ៊ែរមានលក្ខណៈពេញលេញនិងទូលំទូលាយ៕
ប្រែសម្រួលៈ ណៃ តុលា
