បរទេស៖ រដ្ឋមន្ត្រីការបរទេសតូកគី លោក Mevlut Çavuşoğlu បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសតួកគី កំពុងតែធ្វើការងារជាមួយប្រទេសកាតា និងសហរដ្ឋអាមេរិក ស្តីពីដំណើរប្រតិបត្តិការអាកាសយានដ្ឋានទីក្រុងកាប៊ុល និងកំពុងតែពិភាក្សាគ្នាជាមួយពួកតាលីបង់ ព្រមទាំងបានបន្ថែមថា សន្តិសុខនៅអាកាសយានដ្ឋាន គឺជាបញ្ហាដ៏ចម្បង។
លោក Mevlut Çavuşoğlu បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន NTV ថា អ្នកបច្ចេកទេសតួកគី១៩នាក់ កំពុងស្ថិតនៅក្នុងទីក្រុងកាប៊ុល ប្រារព្ធធ្វើកិច្ចពិភាក្សាគ្នាជាមួយក្រុមការងាររបស់ប្រទេសកាតា ស្តីពីអាកាសយានដ្ឋាន ហើយតួកគីបាននិយាយប្រាប់ពួកតាលីបង់ថា ខ្លួននឹងមិនចូលរួមក្នុងបេសកកម្មអាកាសយានដ្ឋានទេ ប្រសិនបើអង្គភាពរបស់ខ្លួន មិនបានពាក់ព័ន្ធក្នុងផ្នែកសន្តិសុខ។
តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Daily News នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេសតួកគី បាននិយាយប្រាប់ថា ពួកតាលីបង់អាចនឹងធានាសន្តិសុខនៅខាងក្រៅអាកាសយានដ្ឋាន ប៉ុន្តែពួកគេនឹងចាំបាច់ត្រូវការយន្តការអាចជឿទុកចិត្តបានបន្ថែមទៀតនៅខាងក្នុង។
លោករដ្ឋមន្ត្រីការបរទេសតួកគីរូបនេះ បានមានប្រសាសន៍បន្តទៀតថា ក្រុមហ៊ុនសន្តិសុខឯកជនមួយ អាចនឹងត្រូវបានប្រើប្រាស់សម្រាប់បេសកកម្ម ប្រសិនបើពួកតាលីបង់ទទូចមិនឲ្យមានអំណាចបរទេស នៅក្នុងទឹកដីនៃប្រទេសអាហ្វហ្គានីស្ថាន៕
ប្រែសម្រួល៖ប៉ាង កុង