បរទេស៖ ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូល តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា រដ្ឋមន្ត្រីការបរទេសចិន នឹងធ្វើទស្សនកិច្ចប្រទេសកូរ៉េខាងត្បូង នៅសប្ដាហ៍ក្រោយ ស្របពេលដែលកិច្ចពិភាក្សានុយក្លេអ៊ែជាមួយកូរ៉េខាងជើងនៅតែជាប់គាំង។
លោក វ៉ាង យី ដែលក៏ជាទីប្រឹក្សារដ្ឋផងដែរនោះ នឹងធ្វើដំណើរទៅដល់ទីក្រុងសេអ៊ូល នៅថ្ងៃទី១៤ សម្រាប់ការស្នាក់នៅរយៈពេល២ថ្ងៃ និងប្រារព្ធធ្វើកិច្ចពិភាក្សានៅថ្ងៃបន្ទាន់ ជាមួយរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសកូរ៉េខាងត្បូង លោក Chung Eui-yong។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយប្រាប់យ៉ាងដូច្នេះថា “លោករដ្ឋមន្ត្រីទំាងពីររូប គ្រោងផ្លាស់ប្តូរយោបល់គ្នាដ៏ស៊ីជម្រៅ ស្តីពីស្ថានភាពលើឧបទ្វីបកូរ៉េ ព្រមទាំងបញ្ហាក្នុងតំបន់និងបញ្ហាពិភពលោក”។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី នេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលមានការជាប់គាំងក្នុងកិច្ចចរចា ដែលមានគោលដៅលុបបំបាត់កម្មវិធីនុយក្លេអ៊ែនិងមីស៊ីលកូរ៉េខាងជើង ក្នុងថ្នូរសម្រាប់ការបន្ធូរបន្ថយទណ្ឌកម្មរបស់សហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ប៉ាង កុង