ព័ត៌មានអន្តរជាតិ

មីយ៉ានម៉ា ត្រូវបានជំរុញ ឲ្យបញ្ចៀសអំពើហិង្សា ក្រោយក្រុមប្រឆាំង របបយោធា ប្រកាសការបះបោរ

បរទេស៖ បណ្ដាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ និងលោកខាងលិច នាពេលថ្មីៗនេះ បានជំរុញគ្រប់ភាគីទាំងអស់ ក្នុប្រទេសមីយ៉ានម៉ា ឲ្យអត់ធ្មត់មិនឲ្យមានអំពើហិង្សា និងអនុញ្ញាតឲ្យជំនួយមនុស្សធម៌ ចូលក្នុងប្រទេស ក្រោយក្រុមប្រឆាំង បានប្រកាសធ្វើការបះបោរ ទូទាំងប្រទេសប្រឆាំងរបបយោធា។

រដ្ឋាភិបាលសាមគ្គីជាតិ (NUG) បាននិយាយនៅថ្ងៃអង្គារថា ខ្លួននឹងចាប់ផ្តើមធ្វើសង្គ្រាម ការពារប្រជាជន ដោយបង្ហាញនូវអ្វី ដែលហាក់មានបំណង សម្រួលដល់ក្រុម ដែលកំពុងតែប្រយុទ្ធ នឹងពួកយោធា ក៏ដូចជាការស្នើឲ្យយោធា និងមន្ត្រីផ្លាស់ប្តូរភាគី។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Yahoo News នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីនាំពាក្យយោធាមួយរូប បានច្រានចោលការអំពាវនាវ ឲ្យមានការបះបោរនោះ ដោយនិយាយថា ជាឧបាយកលមួយ ដើម្បីទទួលបាន ចំណាប់អារម្មណ៍ពិភពលោក និងបាននិយាយថា វានឹងមិនទទួលបាន ជោគជ័យនោះទេ។

នៅថ្ងៃពុធនេះ នៅមិនទាន់មានរបាយការណ៍ អំពីអំពើហិង្សានោះទេ ប៉ុន្តែកងកម្លាំងសន្តិសុខ បានចេញការពារយ៉ាងតឹងរឹង នៅក្នុងទីក្រុង យ៉ាំងហ្គូន ដែលជាទីក្រុងធំបំផុត របស់មីយ៉ានម៉ា ហើកាលពីមួយថ្ងៃមុន បានមានការតវ៉ា និងការប្រយុទ្ធគ្នាផ្ទុះឡើង រវាងកងទ័ពនិងក្រុមបះបោរ ជនជាតិភាគតិច៕ ប្រែសម្រួល៖ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top