បរទេស៖ ប្រទេសអារ៉ាប៊ីសាអូឌីត នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានបង្ហាញនូវក្តីសង្ឃឹមថា រដ្ឋាភិបាលថ្មីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នឹងជួយខ្លួនឯងឲ្យសម្រេចបានស្ថិរភាព និងយកឈ្នះអំពើហិង្សានិងភាពជ្រុលនិយមនានា។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត SPA បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេស ព្រះអង្គម្ចាស់ Faisal bin Farhan ក៏បានធ្វើការបញ្ជាក់អំពីការគាំទ្ររបស់ប្រទេសអារ៉ាប៊ីសាអូឌីត ចំពោះជម្រើសរបស់ប្រជាជន អាហ្វហ្គានីស្ថាន ក្នុងការបង្កើតអនាគតរបស់ប្រទេសខ្លួនឯង ដោយគ្មានការជ្រៀតជ្រែកពីបរទេសខាងក្រៅ។
ទ្រង់បានមានព្រះបន្ទូលបន្ថែមទៀតថា ទីក្រុងរីយ៉ាដសង្ឃឹមថា ការបង្កើតរដ្ឋបាលបណ្ដោះអាសន្ននេះ នឹងជាការបោះជំហានក្នុងទិសដៅដ៏ត្រឹមត្រូវមួយ ឆ្ពោះទៅរកការសម្រេចបានសន្តិសុខនិងស្ថិរភាព បំបាត់អំពើហិង្សានិងភាពជ្រុលនិយម កសាងអនាគតភ្លឺស្វាង ស្របតាមក្តីប្រាថ្នាទាំងនេះ។
គួរបញ្ជាក់ថា នៅថ្ងៃអង្គារសប្ដាហ៍នេះ ពួកតាលីបង់នៅអាហ្វហ្គានីស្ថាន បានប្រកាសអំពីការបង្កើតរដ្ឋាភិបាលថ្មី ក្រោយភ្លាមៗ បន្ទាប់ពីកងកម្លាំងរបស់ខ្លួន បានបាញ់កាំភ្លើងឡើងលើ ដើម្បីបំបែកការតវ៉ាមួយ ធ្វើឡើងដោយស្ត្រីរាប់រយនាក់ នៅក្នុងទីក្រុងកាប៊ុល ទាមទារសិទ្ធិដែលពួកគេធ្លាប់ទទួលបាន នៅក្រោមរដ្ឋាភិបាលពីមុន៕
ប្រែសម្រួល៖ប៉ាង កុង