ព័ត៌មានអន្តរជាតិ

The Global Times របស់ចិន ជូនយោបល់ឱ្យចិន បញ្ជូននាវាចម្បាំង PLA ចូលទៅក្នុងដែនទឹករបស់អាមេរិក ចំពេលមានភាពតានតឹងនៅសមុទ្រចិនខាងត្បូង

បរទេស៖ សារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា សមយុទ្ធយោធាដ៏ក្លាហាននេះត្រូវបានគេសន្មត់ថា ជាការឆ្លើយតបទៅនឹងការបន្តបេសកកម្ម « សេរីភាពនាវាចរណ៍ » របស់កងនាវាចរអាមេរិកនៅក្នុងដែនទឹកមានជម្លោះនៃសមុទ្រចិនខាងត្បូង ដែលភាគច្រើនគ្រប់គ្រងដោយរដ្ឋាភិបាលទីក្រុងប៉េកាំង។

ការបោះពុម្ពផ្សាយរបស់ Global Times (ដែលជាកម្មសិទ្ធិរបស់គណៈកម្មាធិការកណ្តាលនៃគណបក្សកុម្មុយនីស្តចិន) បានស្នើនៅក្នុងវិចារណកថារបស់ខ្លួនថា ប្រទេសចិនគួរតែឆ្លើយតបទៅនឹងការបង្កហេតុដែលកំពុងបន្តពីសំណាក់យោធាអាមេរិកនៅសមុទ្រចិនខាងត្បូង ហើយបញ្ជូននាវាចម្បាំងផ្ទាល់ខ្លួនទៅកាន់ដែនទឹកក្បែរមូលដ្ឋានទ័ពអាមេរិក នៅអាស៊ីប៉ាស៊ីហ្វិក និងទៅកាន់ឆ្នេរសមុទ្ររបស់សម្ព័ន្ធមិត្តអាមេរិក ។

យោងតាមកាសែតដែលផ្តល់មូលនិធិដោយរដ្ឋនេះ គឺរដ្ឋាភិបាលទីក្រុងប៉េកាំងគួរតែ “ចាត់វិធានការ” និងបង្កើតសមត្ថភាពដើម្បីអនុវត្តប្រតិបត្តិការឈ្លបយកការណ៍នៅក្នុងដែនទឹក ដែលត្រូវបានចាត់ទុកថា ជាទឹកដីរបស់អាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ។

អត្ថបទវិចារណកថារបស់ The Global Times បានឱ្យដឹងថា « មានតែតាមរយៈការធ្វើឱ្យអាមេរិកភ្លក់រសជាតិថ្នាំខ្លួនឯងប៉ុណ្ណោះទេ ដែលយើងអាចប៉ះសរសៃប្រសាទរបស់អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ហើយផ្លាស់ប្តូរការយល់ដឹងរបស់ពិភពលោកខាងលិច អំពីការសម្លុតគំរាមកំហែង របស់អាមេរិកនៅសមុទ្រចិនខាងត្បូង, សហរដ្ឋអាមេរិកច្បាស់ជានឹងឃើញកងទ័ព កងទ័ពរំដោះប្រជាជន (PLA) របស់ចិនបង្ហាញខ្លួននៅមាត់ទ្វាររបស់ខ្លួននាពេលអនាគត ដែលមិនឆ្ងាយនោះទេ»៕

ប្រែសម្រួលៈ ណៃ តុលា

To Top