ព័ត៌មានអន្តរជាតិ

ចិនប្រកាសផ្តល់ជំនួយ ៣១លានដុល្លារ និងវ៉ាក់សាំង ៣លានដូស ដល់អាហ្វហ្គានីស្ថាន ដែលគ្រប់គ្រងដោយតាលីបង់

ប៉េកាំង៖ ក្រសួងការបរទេសចិន កាលពីថ្ងៃពុធបានប្រកាសផ្តល់ជំនួយចំនួន ៣១ លានដុល្លារអាមេរិកដល់ប្រទេសអាហ្វហ្គានីស្ថាន ដោយគាំទ្ររដ្ឋាភិបាលបណ្តោះអាសន្នថ្មី“ អ៊ីស្លាមអេមីរ៉ាត” របស់តាលីបង់។ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Hua Chunyin បាននិយាយថា ការសម្រេចចិត្តនេះត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំលើកដំបូង នៃរដ្ឋមន្រ្តីការបរទេសនៃប្រទេសក្បែរៗខាងអាហ្វហ្គានីស្ថាន ហើយនឹងត្រូវបានប្រើសម្រាប់ការសង្គ្រោះបន្ទាន់ដល់ប្រជាជនអាហ្វហ្គានីស្ថាន។ នេះបើតាម CNN។

យោងតាមសារព័ត៌មាន ZEE NEWS ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសចិននឹងផ្តល់ជំនួយជិត ៣១ លានដុល្លារ ការផ្គត់ផ្គង់វ៉ាក់សាំង និងថ្នាំ សម្រាប់អាកាសធាតុរដូវរងាដល់អាហ្វហ្គានីស្ថាន ដែលគ្រប់គ្រងដោយក្រុមតាលីបង់។ រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក វ៉ាងយី ក៏បានប្រកាសដែរថា ប្រទេសចិននឹងបរិច្ចាគវ៉ាក់សាំងចំនួន ៣ លានដូសដល់អាហ្វហ្គានីស្ថាន នៅក្នុងកញ្ចប់ដំបូង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

បើតាមសារព័ត៌មាន CNN បានរាយការណ៍ថា វាមិនច្បាស់ទេថា វ៉ាក់សាំងទាំងនេះ គ្រោងនឹងបញ្ជូននៅពេលណា នោះទេ។

ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៅទីក្រុងប៉េកាំង តាមរយៈបណ្តាញវីដេអូ លោកវ៉ាង យី ក៏បាននិយាយដែរថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន មានកាតព្វកិច្ចច្រើនជាងប្រទេសដទៃទៀត ដើម្បីផ្តល់ជំនួយសេដ្ឋកិច្ចនិងមនុស្សធម៌ដល់ប្រជាជន អាហ្វហ្គានីស្ថាន៕

ប្រែសម្រួលៈ ណៃ តុលា

To Top