បរទេស ៖ ប្រធានាធិបតី នៃប្រទេសរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងប្រធានាធិបតី នៃប្រទេសបេឡារុស លោក Alexander Lukashenko កាលពីថ្ងៃព្រហស្បតិ៍ បានព្រមព្រៀងគ្នា លើគោលនយោបាយ សេដ្ឋកិច្ចជាច្រើន ក្នុងគោលបំណង ដាក់បញ្ចូលប្រទេស អតីតសហភាពសូវៀតទាំងពីរ ឲ្យកាន់តែជិតស្និទ្ធគ្នាឡើង ។
មេដឹកនាំទាំងពីរបាន មានប្រសាសន៍ថា ពួកលោកបានព្រមព្រៀងគ្នាលើកម្មវិធីចំនួន២៨ ដែលបង្រួបបង្រួមសេដ្ឋកិច្ច ប្រទេសទំាងពីរ ប៉ុន្តែបានឈប់ពិភាក្សាគ្នា អំពីសមាហរណកម្មនយោបាយ ដែលគេគិតថា ទីក្រុងមូស្គូស្វះស្វែងចង់បានជាយូរមកហើយ ប៉ុន្តែត្រូវលោក Lukashenko បដិសេធ ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Moscow Times នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រោយកិច្ចពិភាក្សាគ្នា នៅវិមានក្រឹមឡាំង លោក ពូទីន បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនោះ មានន័យថា ប្រទេសទាំងពីរ នឹងជាចុងក្រោយ មានគោលនយោបាយម៉ាក្រូ សេដ្ឋកិច្ចរួមគ្នា ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងគ្នាថ្មីនេះ គឺជាផ្នែកនៃការអនុវត្តកិច្ចព្រមព្រៀង រដ្ឋសហព័ន្ធឆ្នាំ១៩៩៩ ដែលព្យាករពីការបង្កើត សភាតែមួយ រូបិយប័ណ្ណតែមួយ និងនិមិត្តសញ្ញារដ្ឋរួមគ្នា ៕
ប្រែសម្រួល៖ប៉ាង កុង