ព័ត៌មានអន្តរជាតិ

ប្រេសិត នុយក្លេអ៊ែអាមេរិក ជប៉ុននិង កូរ៉េខាងត្បូង ជួបគ្នាក្រោយកូរ៉េខាងជើង តេស្តមីស៊ីល

បរទេស ៖ ប្រេសិតនុយក្លេអ៊ែមកពីប្រទេសជប៉ុន សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ បានប្រារព្ធធ្វើជំនួបគ្នា នៅក្នុងទីក្រុងតូក្យូ ដើម្បីពិភាក្សាគ្នា អំពីកម្មវិធីនុយក្លេអ៊ែ និងមីស៊ីល របស់កូរ៉េខាងជើង ក្រោយមួយថ្ងៃ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បាននិយាយថា ខ្លួនបានតេស្តសាកល្បង គ្រូសមីស៊ីលវាយប្រហារ ចម្ងាយឆ្ងាយ ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Aljazeera នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា អ្នកវិភាគ បាននិយាយថា អាវុធដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ពិពណ៌នាថា ជាអាវុធយុទ្ធសាស្ត្រនេះ អាចនឹងមានសមត្ថភាព នុយក្លេអ៊ែ ។

លោក Sung Kim ជាប្រេសិតពិសេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើង បានមានប្រសាសន៍ពេលបើកកិច្ចប្រជុំនោះថា “ដំណើរវិវត្តន៍ថ្មីៗនេះនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ គឺជាគ្រឿងរំឭកមួយ ស្តីពីសារៈសំខាន់នៃទំនាក់ទំនងនិងសហប្រតិបត្តិការដ៏ជិតស្និទ្ធ ពីប្រទេសទាំង៣”។

ប្រទេសទាំង៣ បាននិងកំពុងតែបន្តធ្វើកិច្ចពិភាក្សាគ្នាអំពីវិធីបំបែកការជាប់គាំង ជាមួយប្រទេសកូរ៉េខាងជើង ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែនិងមីស៊ីលផ្លោង ដែលបានបង្កឲ្យមានទណ្ឌកម្មអន្តរជាតិ នាពេលកន្លងមក។

នៅក្នុងកិច្ចប្រជុំជាមួយសមភាគីជប៉ុន លោក Takehiro Funakoshi និងសមភាគីកូរ៉េខាងត្បូង លោក Noh Kyu-duk នោះ លោក Sung Kim បានមានប្រសាសន៍ថា ទីក្រុងវ៉ាស៊ីនតោន នៅតែបើកចំហចំពោះកិច្ចការការទូត ដើម្បីដោះស្រាយជាមួយបញ្ហាកូរ៉េខាងជើង៕
ប្រែសម្រួល៖ប៉ាង កុង

To Top