ព័ត៌មានអន្តរជាតិ

យូអិន ប្ដេជ្ញាផ្ដល់ជំនួយរហូត ដល់ជាង ១,២ពាន់លានដុល្លារ ដល់អាហ្វហ្គានីស្ថាន 

យូអិន៖ ប្រធានជំនួយរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ទឹកប្រាក់ជាង ១,២ ពាន់លានដុល្លារត្រូវបានសន្យាជាអន្តរជាតិ សម្រាប់ប្រជាជននៅអាហ្វហ្គានីស្ថាន ដែលត្រូវការជំនួយមនុស្សធម៌។

លោក Martin Griffiths ប្រធានការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានបង្ហាញពីចំនួនសរុបនៅក្នុងពិធីបិទកិច្ចប្រជុំរដ្ឋមន្ត្រីស្តីពីអាហ្វហ្គានីស្ថាននៅទីក្រុងហ្សឺណែវ  នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។  

លោក Griffiths បានឲ្យដឹងបន្ទាប់ពីអង្គការសហប្រជាជាតិ បានកោះប្រជុំថ្នាក់ខ្ពស់ដោយបញ្ជាក់ថា យ៉ាងហោចណាស់ថវិកាចំនួន ៦០៦ លានដុល្លារត្រូវការនៅដំណាច់ឆ្នាំនេះ។

ដោយគោរពតាមការសន្យា ដែលបានបង្កើនទ្វេដងនូវជំនួយដំបូងរបស់ខ្លួន អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានលើកឡើងថា តួលេខនេះបង្ហាញពីការប្ដេជ្ញាចិត្ដទ្វេដងទាក់ទងនឹងការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុរបស់សហគមន៍អន្តរជាតិ ចំពោះប្រជាជនអាហ្វហ្គានីស្ថាន។

លោក Guterres បានជំរុញឱ្យប្រទេសនានានៅជុំវិញពិភពលោក បង្កើនជំនួយហិរញ្ញវត្ថុដល់អាហ្វហ្គានីស្ថាន ដែលគ្រប់គ្រងដោយក្រុមតាលីបង់ ដោយហៅស្ថានភាពប្រទេសនេះថា ជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយនៅលើពិភពលោក។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ដែលរៀបចំដោយអង្គការសហប្រជាជាតិ ត្រូវបានធ្វើឡើងដោយមានអ្នកចូលរួមខ្លះ និងមិនមានការចូលរួមភាគច្រើន ដោយសារតែការរីករាលដាលនៃមេរោគឆ្លងកូវីដ-១៩។

យោងតាមអង្គការសហប្រជាជាតិ សូម្បីតែមុនពេលក្រុមតាលីបង់ កាន់កាប់អាហ្វហ្គានីស្ថានយ៉ាងឆាប់រហ័សនៅពាក់កណ្តាលខែសីហាក៏ដោយ ក៏នៅមានមនុស្សប្រហែល ១៨ លាននាក់ ដែលប្រហែលពាក់កណ្តាលនៃប្រជាជននៅក្នុងប្រទេសនេះ ត្រូវការជំនួយមនុស្សធម៌ដូចជាអាហារ ថ្នាំ និងទឹកប្រើប្រាស់ជាដើម៕ដោយ ឈូក បូរ៉ា

To Top