ព័ត៌មានអន្តរជាតិ

Update: លោក ពូទីន ធ្វើចត្តាឡីស័ក ក្រោយក្រុមការងារលោករកឃើញវិជ្ជមានកូវីដ១៩

បរទេស៖វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃអង្គារនេះថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន កំពុងតែធ្វើចត្តាឡីស័ក ក្រោយសមាជិកនៃក្រុមការងារ របស់លោក បានធ្លាក់ខ្លួនឈឺដោយសារជម្ងឺកូវីដ១៩ ដូច្នោះហើយលោកនឹងមិនធ្វើដំណើរទៅប្រទេស តាហ្ស៊ីគីស្ថាន នៅក្នុងសប្ដាហ៍នេះ សម្រាប់កិច្ចប្រជុំសន្តិសុខក្នុងតំបន់ដែលបានគ្រោងទុកនោះទេ។

តាមសេចក្តីរាយការណ៍ លោក ពូទីន មានវ័យ៦៨ឆ្នាំ បានគ្រោងនឹងធ្វើដំណើរទៅប្រទេសតាហ្ស៊ីគីស្ថាន សម្រាប់កិច្ចប្រជុំលំដាប់ខ្ពស់នៃសម្ពន្ធមិត្តក្នុងតំបន់ CSTO និង SCO ដោយមានផ្តោតលើការធ្លាក់ចុះសន្តិសុខយ៉ាងលឿននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ជាប្រទេសជិតខាងរបស់តាហ្ស៊ីគីស្ថាន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃអង្គារនេះ វិមានក្រឹមឡាំងបាននិយាយប្រាប់ថា លោក ពូទីន ទូរស័ព្ទប្រាប់ប្រធានាធិបតីតាហ្ស៊ីគីស្ថាន លោក Emomali Rakhmon ពន្យល់ថា លោកនឹងមិនអាចធ្វើដំណើរទៅបានទេ ដោយសារតែការធ្វើចត្តាឡីស័ករបស់លោក តែលោកនឹងចូលរួមក្នុងកិច្ចប្រជុំនោះ តាមរយៈវីដេអូខលជំនួសវិញ។

វិមានក្រឹមឡាំង បាននិយាយក្នុងសេចក្តីថ្លែងការណ៍ស្តីពីកិច្ចសន្ទនាតាមទូរស័ព្ទនោះយ៉ាងដូច្នេះថា “លោក ពូទីន បានមានប្រសាសន៍ថា ដោយសារតែករណីនៃមេរោគកូរ៉ូណា នៅក្នុងក្រុមការងាររបស់លោក លោកចាំបាច់ត្រូវតែធ្វើការដាក់ខ្លួនលោកឲ្យនៅដាច់ដោយឡែកពីគេ សម្រាប់រយៈពេលជាក់លាក់មួយ”៕

To Top