បាងកក៖ ប្រទេសថៃនៅថ្ងៃពុធនេះ បានកត់ត្រាករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១៣,៧៩៨ករណី និងការស្លាប់ចំនួន ១៤៤ នាក់ទៀត នេះបើយោងតាមមជ្ឈមណ្ឌល គ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ (CCSA)។
(CCSA) ដែលជាក្រុមការងារ ពិសេសទទួលបន្ទុកជំងឺកូវីដ-១៩ របស់ប្រទេសថៃ បានឲ្យដឹងថា ការឆ្លងថ្មីភាគច្រើនត្រូវបាន រកឃើញនៅតាមរោងចក្រផ្សារ និងកន្លែងបោះជំរុំកម្មករសំណង់។
រដ្ឋធានីបាងកក បានបញ្ជាក់ពីករណីថ្មីចំនួន ២,៧៧២ ករណីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដោយឈរនៅកំពូលតារាងតាមតំបន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ចំនួនសរុបនៃការឆ្លង របស់ប្រទេសនេះ បានកើនឡើងដល់ជាង ១,៤២ លាននាក់ ខណៈចំនួនអ្នកស្លាប់ បានកើនឡើងដល់ ១៤,៧៦៥ នាក់។
CCSA បានជម្រុញឱ្យសាធារណជន និងគ្រប់វិស័យអនុវត្ត តាមគោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងជំងឺ រាតត្បាតរបស់រដ្ឋាភិបាល ខណៈរដ្ឋាភិបាលបានអនុញ្ញាតឱ្យ មានកន្លែងបន្ថែមទៀតដើម្បី បើកដំណើរការឡើងវិញជាមួយ នឹងចំនួននៃការឆ្លងថ្មី និងការស្លាប់ដោយសារ និន្នាការធ្លាក់ចុះ ៕
ដោយ ឈូក បូរ៉ា
