ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង និងកូរ៉េខាងត្បូង បាញ់តេស្តមីស៊ីល ស្របពេលការប្រជែងអាវុធ កើនកម្តៅខ្លាំងឡើង

បរទេស៖ប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ បានបាញ់តេស្តមីស៊ីលផ្លោង ជាព្រឹត្តិការណ៍ដ៏ថ្មីបំផុត ក្នុងដំណើរប្រជែងអាវុធគ្នា ដែលឃើញប្រទេសទាំងពីរអភិវឌ្ឍផលិតអាវុធកាន់តែទំនើបខ្លាំងឡើង ស្របពេលដែលកិច្ចប្រឹងប្រែងឲ្យមានកិច្ចពិភាក្សាគ្នា លើការបន្ធូរបន្ថយភាពតានតឹង នៅមិនទាន់មានផ្លែផ្កានៅឡើយ។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង បានបាញ់តេស្តមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹកមួយគ្រាប់ ហើយនេះបានក្លាយជាប្រទេសដំបូងគេ ដែលគ្មានអាវុធនុយក្លេអ៊ែ បានធ្វើការអភិវឌ្ឍប្រព័ន្ធអាវុធបែបនេះ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានធ្វើការចូលរួមនៅក្នុងការបាញ់តេស្តមីស៊ីលនោះ ស្របពេលមានការនិយាយដល់ការបាញ់តេស្តមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង ដែលជាការបាញ់តេស្តមីស៊ីលផ្លោងដំបូងបំផុតរបស់ទីក្រុងព្យុងយ៉ាង គិតចាប់ពីខែមីនាមក។

ទីក្រុងព្យុងយ៉ាង នៅថ្ងៃពុធនេះផងដែរ ក៏បានបាញ់តេស្តមីស៊ីលផ្លោងចំនួនពីរគ្រាប់ ធ្លាក់ចូលក្នុងសមុទ្រក្បែរតំបន់ឆ្នេរខាងកើតរបស់ខ្លួន ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីធ្វើតេស្តសាកល្បងបាញ់គ្រូសមីស៊ីល ដែលគេជឿថាមានសមត្ថភាពនុយក្លេអ៊ែ នេះបើយោងតាមក្រុមមន្ត្រីក្នុងប្រទេសកូរ៉េខាងត្បូង៕ប្រែសម្រួល៖ប៉ាង កុង

To Top