បរទេស៖រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបហៅបារាំងថា ជាដៃគូដ៏សំខាន់មួយក្នុងរឿងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយការថ្លែងបែបនេះ ហាក់មានបំណងចង់ធ្វើឲ្យបារាំងស្ងប់ចិត្តឈប់ខឹង ក្រោយអាមេរិក អូស្ត្រាលីនិងអង់គ្លេស បានចុះហត្ថលេខាកិច្ចព្រមព្រៀងផ្គត់ផ្គង់នាវាមុជទឹកឲ្យអូស្ត្រាលី។
ថ្លែងប្រាប់នៅក្នុងសន្និសីទកាសែតមួយ ក្រោយជំនួប រវាងរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិរបស់អាមេរិកនិងអូស្ត្រាលី នៅក្នុងទីក្រុងវ៉ាស៊ីនតោននោះ លោក Antony Blinken បានមានប្រសាសន៍ថា ទីក្រុងវ៉ាស៊ីនតោន ចង់ស្វែងរកគ្រប់ឱកាសទាំងអស់ ដើម្បីធ្វើឲ្យកាន់តែស៊ីជម្រៅ នូវសហប្រតិបត្តិការអន្តរអាត្លង់ទិក នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងថា ប្រទេសបារាំង គឺជាផ្នែកដ៏សំខាន់ក្នុងការធ្វើបែបនោះ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក អូស្ត្រាលីនិងអង់គ្លេស កាលពីថ្ងៃពុធ បាននិយាយថា ពួកគេនឹងបង្កើតភាពជាដៃគូសន្តិសុខមួយ សម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលនឹងជួយអូស្ត្រាលីឲ្យទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែអាមេរិក និងឃើញអូស្ត្រាលីលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹករចនាដោយបារាំងមានទំហំទឹកប្រាក់៤០ពាន់លានដុល្លារ។
ប្រទេសបារាំង តាមសេចក្តីរាយការណ៍ បានមានប្រតិកម្មខឹងយ៉ាងខ្លាំង ចំពោះការបាត់បង់កិច្ចព្រមព្រៀងនោះ និងបានហៅរឿងនោះថាជាការចាក់មួយកាំបិតពីក្រោយ៕ ប្រែសម្រួល៖ប៉ាង កុង