បរទេស៖ ក្រុមរដ្ឋឥស្លាមជ្រុលនិយម នាពេលថ្មីៗនេះ បានចេញមុខអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារមួយ លើបំពង់បង្ហូរឧស្ម័នមួយនៅស្ថានថាមពល Deir Ali ក្នុងប្រទេសស៊ីរី នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News។
កាលពីមុននោះ រដ្ឋមន្ត្រីអគ្គិសនីរបស់ប្រទេសស៊ីរី បានមានប្រសាសន៍ប្រាប់ថា ការវាយប្រហារបានបណ្ដាលឲ្យមានការដាច់ភ្លើង ធ្វើឲ្យប៉ះពាល់ដល់រដ្ឋធានីរបស់ប្រទេសស៊ីរី គឺទីក្រុងដាម៉ាស តំបន់ជាយក្រុង និងតំបន់ដទៃផ្សេងទៀត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA រដ្ឋមន្ត្រីអគ្គិសនីស៊ីរី លោក Ghassan al-Zamel បាននិយាយថា ស្ថានីយថាមពល Deir Ali ដែលស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងដាម៉ាសនេះ បំពេញតម្រូវការថាមពលពាក់កណ្ដាលរបស់ប្រទេសស៊ីរី។
គួរបញ្ជាក់ថា ក្រុមរដ្ឋឥស្លាមជ្រុលនិយម នៅក្នុងប្រទេសស៊ីរី ត្រូវបានគេប្រកាសថាបានផ្តួលរំលំ នៅតំបន់តាមមាត់ទន្លេ Baghouz នៅក្នុងឆ្នាំ២០១៩ ក្រោយមានការវាយលុកដ៏ខ្លាំងក្លាគាំទ្រដោយអាមេរិក ប៉ុន្តែក្រុមនេះនៅតែបន្តធ្វើការវាយប្រហារ ទៅលើកងកម្លាំងរដ្ឋាភិបាលស៊ីរី ពីទីលាក់ខ្លួននានារបស់ខ្លួន រួមមានទាំងក្នុងតំបន់វាលខ្សាច់ភាគខាងកើតរបស់ស៊ីរីផងដែរ៕
ប្រែសម្រួល៖ប៉ាង កុង