ព័ត៌មានអន្តរជាតិ

វៀតណាម មានករណីឆ្លងជំងឺកូវីដ -១៩ ប្រចាំថ្ងៃរហូតដល់ជាង ១០០០០ករណី

ហាណូយ៖ យោងតាមក្រសួងសុខាភិបាលប្រទេសវៀតណាម បានរាយការណ៍ថា មានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១០,០៤០ ករណី រួមទាំងការឆ្លងក្នុងស្រុកចំនួន ១០,០២៥ ករណី និងនាំចូលចំនួន ១៥ ករណី។

ក្រសួងបានឲ្យដឹងថា ការឆ្លងថ្មីនេះបាននាំមកនូវចំនួនសរុបរបស់ប្រទេសនេះដល់ ៦៨៧,០៦៣ នាក់ ដោយមានអ្នកស្លាប់ចំនួន ១៧.០៩០ នាក់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ករណីសហគមន៍ភាគច្រើនត្រូវបានរកឃើញនៅតំបន់ភាគខាងត្បូងរួមមាន ៥,៤៩៦ករណី នៅចំណុចកណ្តាលទីក្រុងហូជីមិញ ២,៣៣២ករណី នៅខេត្តប៊ិញឌឿងក្បែរនោះ និង ៩៥៣ករណី នៅខេត្តដុងណៃ។

រហូតមកដល់ពេលនេះអ្នកជំងឺកូវីដ-១៩ ចំនួន ៤៥៧,៥០៥ នាក់ បានជាសះស្បើយកើនឡើង ៩,១៣៧ នាក់ចាប់ពីថ្ងៃសៅរ៍ ខណៈវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាង ៣៤ លានដូសត្រូវបានផ្តល់ជូនទូទាំងប្រទេស។

គិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ វៀតណាម បានចុះបញ្ជីករណីឆ្លងកូវីដ-១៩ ក្នុងស្រុកសរុបចំនួន ៦៨២,៦១៧ ករណីចាប់តាំងពីការចាប់ផ្តើមនៃរលកនាចុងខែមេសាកន្លងទៅនេះ៕


ដោយ ឈូក បូរ៉ា

To Top