បរទេស៖ក្រុមវិភាគយោធាកូរ៉េខាងជើងមួយ នៅថ្ងៃចន្ទនេះ បានធ្វើការចម្អកដល់មីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក ដែលកូរ៉េខាងត្បូងបាញ់តេស្តថ្មីៗនេះ ថាគ្មានជំនាញច្បាស់លាស់ និងសាមញ្ញធម្ម ប៉ុន្តែបានព្រមានថា ការអភិវឌ្ឍវា នឹងបង្កឲ្យមានភាពតានតឹងឆ្លងព្រំដែន។
ទាំងប្រទេសកូរ៉េខាងត្បូង និងប្រទេសកូរ៉េខាងជើង ដែលកំពុងតែធ្វើការអភិវឌ្ឍអាវុធកាន់តែទំនើបខ្លាំងឡើង ស្របពេលមានភាពជាប់គាំងក្នុងកិច្ចប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹង នៅលើឧបទ្វីបកូរ៉េនោះ នៅថ្ងៃពុធសប្ដាហ៍មុន បានធ្វើតេស្តមីស៊ីលផ្លោង។
លោក Jang Chang Ha ជាប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រការពារជាតិ ជាមជ្ឈមណ្ឌលអភិវឌ្ឍន៍និងផលិតអាវុធដំណើរការដោយរដ្ឋកូរ៉េខាងជើង បាននិយាយក្នុងបទវិចារណកថាមួយលើកាសែត KCNA ថា រូបថតមីស៊ីលដ៏ថ្មីបំផុតរបស់កូរ៉េខាងត្បូង លើប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញឲ្យឃើញនូវអាវុធគ្មាន ការយកចិត្តទុកដាក់ ដែលមិនមានទាំងរាងជាមីស៊ីលផ្លោងបាញ់ចេញពី នាវាមុជទឹកផង។
លោកបាននិយាយបន្ថែមទៀតថា មីស៊ីលនោះ ហាក់ជាកំណែទម្រង់ថ្មីមួយនៃមីស៊ីលផ្លោងវាយប្រហារពីផ្ទៃសមុទ្រទៅលើផ្ទៃសមុទ្រ Hyunmoo របស់ប្រទេសកូរ៉េខាងត្បូង ដែលមានផ្នែកនៃក្បាលគ្រាប់ គឺជាការចម្លងតាមមីស៊ីលបាញ់ចេញពីនាវាមុជទឹក K-15 SLBM របស់ប្រទេសឥណ្ឌា៕ ប្រែសម្រួល៖ប៉ាង កុង