បរទេស៖ មន្ទីរប៉ង់តាហ្គោន របស់អាមេរិក បានប្រកាសកាលពីថ្ងៃច័ន្ទថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាស ប្រឆាំងមេដឹកនាំជាន់ខ្ពស់ក្រុមភេរវករអាល់កៃដា ដែលមានទីតាំងស្ថិតនៅក្នុងខេត្តអ៊ីដលីប ជាខេត្តភាគខាងជើងប្រទេសស៊ីរី កាន់កាប់ដោយកងទ័ពតួកគី និងក្រុមជីវពលឧទ្ទាមឥស្លាមជ្រុលនិយម។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា «កងកម្លាំងអាមេរិកបានធ្វើវាយប្រហារតាមដែនអាកាស ប្រឆាំងភេរវកម្មនៅក្បែរទីក្រុងអ៊ីដលីប ប្រទេសស៊ីរី នៅថ្ងៃនេះ ទៅលើមេដឹកនាំអាល់កៃដាជាន់ខ្ពស់ម្នាក់»។ នេះបើតាមអ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បាននិយាយកាលពីថ្ងៃចន្ទ។ លោកបន្តថា «ការចង្អុលបង្ហាញដំបូងគឺយើងបានវាយទៅលើបុគ្គលដែលយើងមានបំណង ហើយមិនមានការចង្អុលបង្ហាញអំពីការស្លាប់និងរបួសរបស់ជនស៊ីវិលដែលជាលទ្ធផលនៃវាយប្រហារនេះ នោះទេ»។
លោក Kirby បាននិយាយថា គាត់មិនមានព័ត៌មានលម្អិតបន្ថែមអំពីអត្តសញ្ញាណរបស់គោលដៅនោះទេ ប៉ុន្តែយោងតាម SITE Intelligence Group ការជជែកគ្នាតាមប្រព័ន្ធផ្សព្វផ្សាយដោយក្រុមឧទ្ទាមស៊ីរីបានបង្ហាញថា ការវាយប្រហារនេះ បានសម្លាប់ Abu al-Bara ‘al-Tunisi និង Abu Hamza al-Yemeni យុទ្ធជនពីរនាក់ ជាមួយ Tanzim Hurras ad -Din (Guardians of Religion Organization) ជាកងជីវពលនៅភាគខាងជើងប្រទេសស៊ីរី ដែលមានទំនាក់ទំនងជាមួយអាល់កៃដា៕
ប្រែសម្រួលៈ ណៃ តុលា