បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways International (THAI) ដែលកំពុងខ្វះសាច់ប្រាក់ គឺកំពុងប្រកាសលក់យន្តហោះ ចំនួន ៣គ្រឿង រួមជាមួយឧបករណ៍ ហោះហើរផ្សេងទៀត ដែលជាផ្នែកមួយនៃផែនការ ស្តារលទ្ធភាពហិរញ្ញវត្ថុរបស់ខ្លួន និងការជំរុញឥតឈប់ឈរ ដើម្បីធ្វើទំនើបកម្មទៅលើយន្តហោះចាស់ៗរបស់ខ្លួន។ នេះបើតាមប្រភពមួយ នៅក្នុងក្រុមហ៊ុនបាននិយាយ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមប្រភពខាងលើ គឺក្រុមហ៊ុនអាកាសចរណ៍ ដែលគ្មានទុនគ្រប់គ្រាន់ បានចុះបញ្ជីយន្តហោះ Airbus A330-300 ចំនួន ៣គ្រឿងរបស់ខ្លួន ដែលមានអាយុ ១២.២, ១២.៥ និង ១២.៦ ឆ្នាំ រៀងៗខ្លួន សម្រាប់លក់ រួមជាមួយប្រព័ន្ធហោះហើរ សម្រាប់គំរូយន្តហោះ។
ក្រុមហ៊ុន Thai Airways International មានយន្តហោះប្រភេទ A330-300 ចំនួន ១៥ គ្រឿង ប៉ុន្តែយន្ដហោះធុនធំទាំងនេះ ត្រូវបានបញ្ឈប់ការហោះហើរ ដោយសារតែតម្រូវការធ្វើដំណើរ តាមអាកាសតិចតួចបំផុត ចំពេលមានជំងឺរាតត្បាត កូវីដ -១៩ កំពុងបន្ត។
សរុបមកក្រុមហ៊ុនដឹកជញ្ជូននេះ បានដាក់លក់យន្តហោះរបស់ខ្លួន ចំនួន ៣៤ គ្រឿងហើយ ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន រួមទាំងយន្តហោះ Boeing 747-400s ចំនួន ១០ គ្រឿង, Boeing 777-200s ចំនួន ៦ គ្រឿង និង Boeing 777-300s ចំនួន ៦ គ្រឿង៕ប្រែសម្រួលៈ ណៃ តុលា