បរទេស៖នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក Scott Morrison បាននិយាយនៅថ្ងៃអង្គារនេះថា លោកនឹងមិនពិភាក្សាជាមួយប្រធានាធិបតីបារាំង នៅអង្គការសហប្រជាជាតិ ក្នុងសប្ដាហ៍នេះទេ បើទោះជាការខឹងរបស់បារាំង ចំពោះការលុបចោលកុងត្រាការពារជាតិ៤០ពាន់លានដុល្លារ អាចគម្រាមដល់កិច្ចព្រមព្រៀងជំនួញអូស្ត្រាលី-សហភាពអឺរ៉ុបក៏ដោយ។
ប្រទេសអូស្ត្រាលី កាលពីសប្ដាហ៍មុន បានលុបចោលកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនបារំាង Naval Group ក្នុងការបង្កើតកងនាវាមុជទឹកធម្មតា ហើយនឹងជំនួសមកវិញ នូវការកសាងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែតិចបំផុត៨គ្រឿង ជាមួយបច្ចេកវិទ្យាសហរដ្ឋអាមេរិកនិងអង់គ្លេស ក្រោយចុះកិច្ចព្រមព្រៀងភាពជាដៃគូសន្តិសុខត្រីភាគី ជាមួយប្រទេសទាំងពីរនោះ។
នៅពេលត្រូវគេចោទសួរថា តើលោកនឹងនិយាយគ្នាជាមួយលោកប្រធានាធិបតីបារាំង នៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិដែរឬទេនោះ លោក Scott Morrison បានប្រាប់អ្នកសារព័ត៌មានថា “គ្មានឱកាសសម្រាប់រឿងនោះទេ នៅពេលនេះ ខ្ញុំប្រាកដចិត្តថា ឱកាសនឹងមានក្នុងពេលដ៏សមគួរ”។
គួរបញ្ជាក់ថា ការលុបចោលកិច្ចព្រមព្រៀងនាវាមុជទឹកនោះ បានធ្វើឲ្យបារាំងខឹងជាខ្លាំង និងបានចោទសហរដ្ឋអាមេរិកនិងអូស្ត្រាលីថា បានចាក់ខ្លួនមួយកាំបិតពីក្រោយ ព្រមទាំងបានកោះហៅឲ្យវិលត្រឡប់មកវិញ នូវឯកអគ្គរាជទូតបារាំង ប្រចាំនៅសហរដ្ឋអាមេរិកនិងអូស្ត្រាលីទៀតផង៕ប្រែសម្រួល៖ប៉ាង កុង